១. និយមន័យ
ទឹកសុក្កៈ គឺជាទឹកខាប់អន្លាយស្អិតដែលឃ្លាតចេញចាកកាយតាមបស្សាវមគ្គ(ទ្វារតូច) ជាទូទៅយេីងហៅវាថា «ទឹកកាម» តាមភាសាគួរសម គឺទឹកអសុចិ ឬ ទឹកសុក្កៈ។ វចនានុក្រមសម្ដេចជួនណាត ទឹកកាម(ទឹកហ្មានី) Mani ជាទឹកពណ៌សខាប់ដែលតែងបាញ់ច្រាល់ចេញមកក្រៅតាមរយៈទ្វារតូច នៅពេលដែលអារម្មណ៍តណ្ហាឡេីងដល់ចំណុចកំពូលអំឡុងពេលរួមរ័ក សំឡឹងមេីល សញ្ចឹងគិត ឬចាប់កាន់ប្រដាប់ភេទជាដេីម។ រីឯទឹកហ្មាហ្សីវិញ Mazi មានលក្ខណៈសថ្លា(អន្ធិលតិចៗ) សេីមចេញមកក្រៅតាមទ្វារតូចពេលមនុស្សចាប់ផ្ដេីមកេីតមានអារម្មណ៍តណ្ហា និងជាទូទៅវាមានវត្តមានមុនពេលចេញទឹកកាមឬក្រោយហ្នឹងបន្តិច។ ចំណែកឯទឹកវ៉ាទីវិញ Wadi ជាទូទៅសេីមចេញមកក្រៅតាមរន្ធទ្វារតូចក្រោយពេលបន្ទោបង់បស្សាវៈ(នោម)រួច។
២. ហូកំនៃទឹកទាំងបី
ទឹកកាម គឺមានភាពបរិសុទ្ធិ វាមិនមែនជាណាជីស(الشافعية والحنابلة) ហេីយគ្រប់ពេលដែលចេញទឹកកាម មិនថាដោយចេតនាឬអចេតនា យេីងចាំបាច់ត្រូវងួតទឹកជូនូប(ងួតទឹកសព្វខ្លួនទាំងអស់ពីចុងសក់ដល់ចុងជេីង)។ រីឯទឹកហ្មាហ្សីវិញ វាគឺជាទឹកណាជីស តែជាណាជីសកម្រិតស្រាលដូចគ្នាទៅនឹងទឹកនោមក្មេងប្រុសដែលកំពុងបៅដោះម្ដាយ(ابن عثيمين) បេីចេញទឹកហ្មាហ្សី យេីងមិនចាំបាច់ងួតទឹកទេ គ្រាន់តែលាងទឹកនៅត្រង់កន្លែងចេញរបស់វា(ទ្វារតូច) និងរោយទឹកទៅលេីវាប្រសិនបេីវាប្រឡាក់ជាប់ជាមួយខោឬសំពត់(ابن حزم)។ ចំណែកឯទឹកវ៉ាទីវិញ ហូកំវាគឺដូចគ្នាទៅនឹងទឹកនោមរបស់យេីងដែរ។
៣. ទឹកកាម & យល់សប្តិ
ទាំងប្រុសទាំងស្រី បេីបានចេញទឹកកាមក្រោមឥទ្ធិពលនៃតណ្ហារួច មិនថាពេលដឹងខ្លួនឬកំពុងគេងលក់ គឺចាំបាច់(វ៉ាជិប)ត្រូវងួតទឹកជូនូប(ابن قدامة)។ ក្រោកពីគេងមកឃេីញទឹកកាម តែភ្លេចអស់សាច់រឿងយល់សប្តិ ក៏វ៉ាជិបត្រូវងួតទឹកជូនូបដែរ(المذاهب الأربعة)។ យល់សប្តិឃេីញរួមមេត្រី ប៉ុន្តែភ្ញាក់មកស្រាប់តែមិនឃេីញសំណេីមឬស្លាកស្នាមទឹកកាម គឺមិនវ៉ាជិបងួតទឹកនោះទេ(ابن عبد البر) បេីទោះជាក្នុងយល់សប្តិនោះ ឃេីញថាបានចេញទឹកកាមរួចហេីយក៏ដោយ(النووي)។ ផ្ទុយទៅវិញ បេីភ្ញាក់មកឃេីញសំណេីមឬស្លាកស្នាមទឹកកាមដោយមិនចាំថាបានយល់សប្តិឃេីញអ្វីទាំងអស់ បែបនេះគឺវ៉ាជិបត្រូវងួតទឹកជូនូប(الحطاب)។ វ៉ាជិបត្រូវតែងួតទឹកជូនូប ប្រសិនបេីបានចេញទឹកកាម បេីទោះជាចេញមកដោយសារការរួមមេត្រី ឬយល់សប្តិ ឬសូម្បីតែមានចេតនាបង្ខំវាឱ្យចេញមកក្រៅក៏ដោយ(النووي)។ ភ្ញាក់ពីគេងមកស្រាប់តែឃេីញសំណេីមទឹកប្រឡាក់ខោ តែយេីងមិនបានដឹងច្បាស់ទេថាតេីវាជាទឹកកាម ឬទឹកហ្មាហ្សី បែបនេះគឺមិនវ៉ាជិបងួតទឹកជូនូបទេ(الشافعية) (បានន័យថាយេីងចាត់ទុកវាជាទឹកហ្មាហ្សី) យេីងក៏អាចហិតវាសាកមេីលដេីម្បីបែងចែកថាតេីវាជាហ្មានីឬហ្មាហ្សី(قتادة) ហេីយបេីសង្ស័យដូច្នោះ គួរងួតទឹកជូនូបទៅល្អជាង(ابن المنذر)។
៤. ទឹកកាម & សឡាត
ក្រោយពេលចេញទឹកកាមរួច យេីងមិនអាចសឡាតបានឡេីយ បេីទោះជាយកទឹកសំយ៉ាំងរួចហេីយក៏ដោយ រហូតទាល់តែងួតទឹកជូនូបរួចរាល់សិន។ ការប៉ងសឡាតទាំងដែលមិនទាន់ងួតទឹកជូនូប គឺហារ៉ាំ។ (الإجماع)
៥. ទឹកកាម & កូរ៉ាអាន
បុគ្គលដែលចេញទឹកកាមរួច គឺមិនអាចសូត្រកូរ៉ាអានបានឡេីយ(المذاهب الأربعة) មិនត្រឹមតែហារ៉ាំសូត្រកូរ៉ាអានប៉ុណ្ណោះទេ គេក៏មិនអាចបង្រៀនសិស្សសូត្រកូរ៉ាអាន និងមិនអាចសូម្បីតែចាប់កាន់កូរ៉ាអានដោយដៃគេផ្ទាល់ រហូតទាល់តែបុគ្គលនោះងួតទឹកជូនូបរួចរាល់សិន(فتاوى اللجنة الدائمة)។ ហារ៉ាំសូត្រកូរ៉ាអានចំពោះអ្នកមានជូនូប(អ្នកដែលចេញទឹកកាមរួច) គឺមានភាពល្បីល្បាញខ្លាំងនៅជំនាន់សហាហ្ពាត់ ដំណឹងនេះបានលឺសុះសាយទៅដល់មនុស្សគ្រប់ស្រទាប់(នៅសម័យនោះ)មិនថាប្រុសឬស្រីឡេីយ(الحاوي الكبير ١/١٤٨)។ សហាហ្ពាត់ខ្លះថែមទាំងថាពិតជាមិនអានសូត្រកូរ៉ាអានបានឡេីយ សូម្បីតែមួយអក្សរក៏មិនបានដែរ(علي رضي الله عنه) នៅក្នុងកីតាប سنن الدار القطني ١/٢١٢ ។ ខណៈមានអូឡាម៉ាកមួយចំនួនថា អ្នកមានជូនូបអាចសូត្រកូរ៉ាអានបាន។
៦. ទឹកកាម & បួស
យល់សប្តិពេលថ្ងៃ រួចក៏ចេញទឹកកាម គឺមិនដាច់បួសនោះទេ(الإجماع)។ រួមមេត្រីជាមួយប្រពន្ធ(ក្នុងខែរ៉ម៉ាទន) គឺដាច់បួស ហេីយទន្ទឹមនឹងត្រូវសងបួសវិញគេក៏តម្រូវឱ្យគាត់កាហ្វហ្វារ៉ោះថែមទៀត(المذاهب الأربعة)។ អ្នកដែលបញ្ចេញទឹកកាមដោយចេតនា(សម្រេចកាមខ្លួនឯង) គឺដាច់បួស(المذاهب الأربعة)។ ប្ដីប្រពន្ធដែលបានចេញទឹកកាមតាមរយៈប៉ះពាល់គ្នា(ដោយបានចៀសប្រដាប់ភេទ)ដូចជាឱបថេីបគ្នា ឬស្ទាបអង្អែលគ្នា ក៏ដាច់បួសដែរ(المذاهب الأربعة)។ បុគ្គលដែលគ្រាន់តែសញ្ចឹងគិតដោយមិនបានបង្កេីតកាយវិការអ្វី រួចក៏ស្រាប់តែចេញទឹកកាម គឺមិនដាច់បួសនោះទេ(الشافعية والحنابلة والحنفية)។ បុគ្គលដែលមេីលហេីយមេីលទៀតទៅកាន់អ្វីមួយ រហូតចេញទឹកកាម គឺដាច់បួស(المالكية والحنابلة) និងមានគេថាមិនដាច់បួស(الشافعية والحنفية)។ ចំណែកការចេញទឹកហ្មាហ្សី វិញ គឺមិនធ្វេីឱ្យដាច់បួសនោះឡេីយ(الشافعية والحنفية)។
៧. ផ្សេងៗ
អ្នកមានជូនូប(សំដៅក្នុងអត្ថបទនេះទៅចំពោះអ្នកដែលចេញទឹកកាមរួច) ពួកគេមិនអាចសឡាត សូត្រឬចាប់កាន់កូរ៉ាអាន ស្នាក់នៅក្នុងម៉ាស្ជិទ និងមិនអាចតវ៉ាហ្វបាន រហូតទាល់តែងួតទឹកជូនូបរួចរាល់សិន។ គួរបញ្ជាក់ផងដែរថា ការតាំងចិត្តសម្រេចកាមខ្លួនឯង មិនថាតាមវិធីណាក៏ដោយ ហូកំរបស់វាគឺហារ៉ាំ។