Offcanvas right
...

Table of Content

ទឹកសុក្កៈ - Teuk Saka

១.​ និយមន័យ

ទឹកសុក្កៈ​ គឺជាទឹកខាប់អន្លាយស្អិតដែលឃ្លាតចេញចាកកាយតាមបស្សាវមគ្គ(ទ្វារតូច)​ ជាទូទៅយេីងហៅវាថា​ «ទឹកកាម»​ តាមភាសាគួរសម​ គឺទឹកអសុចិ​ ឬ​ ទឹកសុក្កៈ។ វចនានុក្រមសម្ដេចជួនណាត ទឹកកាម​(ទឹកហ្មានី)​ Mani ជាទឹកពណ៌សខាប់​ដែលតែងបាញ់ច្រាល់ចេញមកក្រៅតាមរយៈទ្វារតូច​ នៅពេលដែលអារម្មណ៍តណ្ហាឡេីងដល់ចំណុចកំពូល​អំឡុងពេលរួមរ័ក​ សំឡឹងមេីល​ សញ្ចឹងគិត​ ឬចាប់កាន់ប្រដាប់ភេទជាដេីម។ រីឯទឹកហ្មាហ្សី​វិញ​ Mazi មានលក្ខណៈសថ្លា​(អន្ធិលតិចៗ) សេីមចេញមកក្រៅតាមទ្វារតូច​ពេលមនុស្សចាប់ផ្ដេីមកេីតមានអារម្មណ៍តណ្ហា​ និងជាទូទៅវាមានវត្តមានមុនពេលចេញទឹកកាមឬក្រោយហ្នឹងបន្តិច។ ចំណែកឯទឹកវ៉ាទីវិញ​ Wadi ជាទូទៅសេីមចេញមកក្រៅតាមរន្ធទ្វារតូចក្រោយពេលបន្ទោបង់បស្សាវៈ​(នោម)រួច។

២.​ ហូកំនៃទឹកទាំងបី

ទឹកកាម​ គឺមានភាពបរិសុទ្ធ​ិ វាមិនមែនជាណាជីស(الشافعية والحنابلة)​ ហេីយគ្រប់ពេលដែលចេញទឹកកាម​ មិនថាដោយចេតនាឬអចេតនា​ យេីងចាំបាច់ត្រូវងួតទឹកជូនូប(ងួតទឹកសព្វខ្លួនទាំងអស់​ពីចុងសក់ដល់ចុងជេីង)។ រីឯទឹកហ្មាហ្សី​វិញ​ វាគឺជាទឹកណាជីស​ តែជាណាជីសកម្រិតស្រាលដូចគ្នាទៅនឹងទឹកនោមក្មេងប្រុសដែលកំពុងបៅដោះម្ដាយ(ابن عثيمين)​ បេីចេញទឹកហ្មាហ្សី​ យេីងមិនចាំបាច់ងួតទឹកទេ​ គ្រាន់តែលាងទឹកនៅត្រង់កន្លែងចេញរបស់វា(ទ្វារតូច​)​ និងរោយទឹកទៅលេីវាប្រសិនបេីវាប្រឡាក់ជាប់ជាមួយខោឬសំពត់(ابن حزم)។ ចំណែកឯទឹកវ៉ាទីវិញ​ ហូកំវាគឺដូចគ្នាទៅនឹងទឹកនោមរបស់យេីងដែរ។

៣.​ ទឹកកាម​ &​ យល់សប្តិ

ទាំងប្រុសទាំងស្រី​ បេីបានចេញទឹកកាម​ក្រោមឥទ្ធិពលនៃតណ្ហារួច មិនថាពេលដឹងខ្លួនឬកំពុងគេងលក់​ គឺចាំបាច់(វ៉ាជិប)ត្រូវងួតទឹកជូនូប(ابن قدامة)។ ក្រោកពីគេងមកឃេីញទឹកកាម​ តែភ្លេចអស់សាច់រឿងយល់សប្តិ​ ក៏វ៉ាជិបត្រូវងួតទឹកជូនូបដែរ(المذاهب الأربعة)។ យល់សប្តិឃេីញរួមមេត្រី​ ប៉ុន្តែភ្ញាក់មកស្រាប់តែមិនឃេីញសំណេីមឬស្លាកស្នាមទឹកកាម​ គឺមិនវ៉ាជិបងួតទឹកនោះទេ(ابن عبد البر)​ បេីទោះជាក្នុងយល់សប្តិនោះ​ ឃេីញថាបានចេញទឹកកាមរួចហេីយក៏ដោយ​(النووي)។​ ផ្ទុយទៅវិញ​ បេីភ្ញាក់មកឃេីញសំណេីមឬស្លាកស្នាមទឹកកាម​ដោយមិនចាំថាបានយល់សប្តិ​ឃេីញអ្វីទាំងអស់​ បែបនេះគឺវ៉ាជិបត្រូវងួតទឹកជូនូប(الحطاب)។ វ៉ាជិបត្រូវតែងួតទឹកជូនូប​ ប្រសិនបេីបានចេញទឹកកាម​ បេីទោះជាចេញមកដោយសារការរួមមេត្រី​ ឬយល់សប្តិ​ ឬសូម្បីតែមានចេតនាបង្ខំវាឱ្យចេញមកក្រៅក៏ដោយ(النووي)។ ភ្ញាក់ពីគេងមក​ស្រាប់តែឃេីញសំណេីមទឹកប្រឡាក់ខោ តែយេីងមិនបានដឹងច្បាស់ទេថាតេីវាជាទឹកកាម​ ឬទឹកហ្មាហ្សី​ បែបនេះគឺមិនវ៉ាជិបងួតទឹកជូនូបទេ(الشافعية)​ (បានន័យថាយេីងចាត់ទុកវាជាទឹកហ្មាហ្សី)​ យេីងក៏អាចហិតវាសាកមេីលដេីម្បីបែងចែកថាតេីវាជាហ្មានីឬហ្មាហ្សី(قتادة)​ ហេីយបេីសង្ស័យដូច្នោះ​ គួរងួតទឹកជូនូបទៅល្អជាង(ابن المنذر)។

៤.​ ទឹកកាម​ & សឡាត

ក្រោយពេលចេញទឹកកាមរួច​ យេីងមិនអាចសឡាតបានឡេីយ​ បេីទោះជាយកទឹកសំយ៉ាំងរួចហេីយក៏ដោយ​ រហូតទាល់តែងួតទឹកជូនូបរួចរាល់សិន។ ការប៉ងសឡាតទាំងដែលមិនទាន់ងួតទឹក​ជូនូប គឺហារ៉ាំ។ (الإجماع)​

៥.​ ទឹកកាម​ & កូរ៉ាអាន

បុគ្គលដែលចេញទឹកកាមរួច​ គឺមិនអាចសូត្រកូរ៉ាអានបានឡេីយ(المذاهب الأربعة)​ មិនត្រឹមតែហារ៉ាំសូត្រកូរ៉ាអានប៉ុណ្ណោះទេ​ គេក៏មិនអាចបង្រៀនសិស្សសូត្រកូរ៉ាអាន និងមិនអាចសូម្បីតែចាប់កាន់កូរ៉ាអានដោយដៃគេផ្ទាល់​ រហូតទាល់តែបុគ្គលនោះងួតទឹកជូនូបរួចរាល់សិន(فتاوى اللجنة الدائمة)។ ហារ៉ាំសូត្រកូរ៉ាអានចំពោះអ្នកមានជូនូប(អ្នកដែលចេញទឹកកាមរួច)​ គឺមានភាពល្បីល្បាញខ្លាំងនៅជំនាន់សហាហ្ពាត់​ ដំណឹងនេះបានលឺសុះសាយទៅដល់មនុស្សគ្រប់ស្រទាប់​(នៅសម័យនោះ)មិនថាប្រុសឬស្រីឡេីយ(الحاوي الكبير ١/١٤٨)។ សហាហ្ពាត់ខ្លះថែមទាំងថាពិតជាមិនអានសូត្រកូរ៉ាអានបាន​ឡេីយ​ សូម្បីតែមួយអក្សរក៏មិនបានដែរ(علي رضي الله عنه)​ នៅក្នុងកីតាប​ سنن الدار القطني ١/٢١٢​ ។ ខណៈមានអូឡាម៉ាកមួយចំនួន​ថា​ អ្នកមានជូនូបអាចសូត្រកូរ៉ាអានបាន។

៦.​ ទឹកកាម​ &​ បួស

យល់សប្តិពេលថ្ងៃ​ រួចក៏ចេញទឹកកាម​ គឺមិនដាច់បួសនោះទេ(الإجماع)។ រួមមេត្រីជាមួយប្រពន្ធ(ក្នុងខែរ៉ម៉ាទន​)​ គឺដាច់បួស​ ហេីយទន្ទឹមនឹងត្រូវសងបួសវិញគេក៏តម្រូវឱ្យគាត់កាហ្វហ្វារ៉ោះថែមទៀត(المذاهب الأربعة)។ អ្នកដែលបញ្ចេញទឹកកាមដោយចេតនា(សម្រេចកាមខ្លួនឯង) គឺដាច់បួស(المذاهب الأربعة)។ ប្ដីប្រពន្ធដែលបានចេញទឹកកាមតាមរយៈប៉ះពាល់គ្នា(ដោយបានចៀសប្រដាប់ភេទ)ដូចជាឱបថេីបគ្នា​ ឬស្ទាបអង្អែល​គ្នា​ ក៏ដាច់បួសដែរ(المذاهب الأربعة)។ បុគ្គលដែលគ្រាន់តែសញ្ចឹងគិតដោយមិនបានបង្កេីតកាយវិការអ្វី​ រួចក៏ស្រាប់តែចេញទឹកកាម​ គឺមិនដាច់បួសនោះទេ(الشافعية والحنابلة والحنفية)។ បុគ្គលដែលមេីលហេីយមេីលទៀត​ទៅកាន់អ្វីមួយ រហូតចេញទឹកកាម​ គឺដាច់បួស(المالكية والحنابلة)​ និងមានគេថាមិនដាច់បួស(الشافعية والحنفية)។ ចំណែកការចេញទឹកហ្មាហ្សី​ វិញ​ គឺមិនធ្វេីឱ្យដាច់បួសនោះឡេីយ(الشافعية والحنفية)។

៧.​ ផ្សេងៗ

អ្នកមានជូនូប​(សំដៅក្នុងអត្ថបទនេះទៅចំពោះអ្នកដែលចេញទឹកកាមរួច)​ ពួកគេមិនអាចសឡាត សូត្រឬចាប់កាន់កូរ៉ាអាន​ ស្នាក់នៅក្នុងម៉ាស្ជិទ​ និងមិនអាចតវ៉ាហ្វបាន​ រហូតទាល់តែងួតទឹកជូនូបរួចរាល់សិន។ គួរបញ្ជាក់ផងដែរថា​ ការតាំងចិត្តសម្រេចកាមខ្លួនឯង​ មិនថាតាមវិធីណា​ក៏ដោយ​ ហូកំរបស់វាគឺហារ៉ាំ​។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ