Offcanvas right
...

Table of Content

ភាសាចាម

១.​ ភាសាចាមស្ថិតក្នុងអំបូរភាសា​អូស្ត្រូណេស៊ី Austronesian ខណៈភាសាខ្មែរស្ថិតក្នុងអំបូរភាសាអូស្ត្រូអាសុី​ Austroasiatic​ ។ នៅក្នុងចំណោមអំបូរអូស្ត្រូណេសុី​ដែលមានប្រមាណជិតមួយពាន់ភាសា​ ភាសាចាមត្រូវបានគេចាត់ទុកជាភាសាដំបូងបង្អស់ដែលលេចវត្តមានឡេីងនៅក្នុងប្រវត្តិសាស្ត្រ​។ សិលាចារឹកអក្សរចាមសតវត្យទីបួនមួយផ្ទាំងដែលអ្នកវិទ្យាសាស្ត្របានរកឃេីញក្នុងតំបន់​ Trakieu ក្បែរទីក្រុងបុរាណឥន្ទ្រាបុរ៉ា​នៃអាណាចក្រចម្ប៉ា​(ប្រទេសវៀតណាមសព្វថ្ងៃ)​ គឺជាសិលាចារឹកចាស់ជាងគេបង្អស់នៃភាសាក្នុងអំបូរអូស្ត្រូណេសុី។ មិនត្រឹមតែប៉ុណ្ណោះ​ ភាសាចាមគឺជាភាសាដំបូងបង្អស់ដែលមានអក្សរសម្រាប់សរសេរនៅក្នុងតំបន់អាសុីអាគ្នេយ៍​ ខណៈកាលនោះភាសាទាំងឡាយមិនទាន់មានសំណេរ​ បានត្រឹមយកមកសម្រាប់និយាយគ្នា។

២.​ ភាសាចាម​ មាន​សំឡេងចំនួន​ ៥១​ មានព្យញ្ជនៈចំនួន​ ៣៤តួ​ និងមានស្រៈចំនួន​ ១៦​ បូករួមនឹងស្រៈពេញតួមួយចំនួនទៀត។ ភាសាចាមត្រូវបានគេសរសេរពីឆ្វេងទៅស្ដាំ​ ដូចក្បួនសរសេរអក្សរខ្មែរដែរ​ មិនត្រឹមតែប៉ុណ្ណោះ​ ពុម្ពអក្សរក៏ស្រដៀងគ្នាថែមទៀត។

៣.​ នៅក្នុងសតវត្យទី៣​ ពួកអ្នកប្រាជ្ញចាមបានខ្ចីពុម្ពអក្សរពីភាសាសំស្រ្កឹត​ Brahmi Script យកមកកម្លាយដេីម្បីសរសេរភាសាចាម។ កាលនោះ​ ភាសាសំស្ក្រឹតគេប្រេីសម្រាប់កិច្ចការសាសនា​ ហេីយភាសាចាមគេយកមកប្រេីសម្រាប់កិច្ចការរដ្ឋបាលនិងទំនាក់ទំនងទូទៅ។ នៅក្នុងសតវត្យទី១៥​ គឺនៅបន្ទាប់ពីជនជាតិចាមចាប់ផ្ដេីមចូលកាន់សាសនាឥស្លាមកាន់តែច្រេីនឡេីងៗ​ អ្នកប្រាជ្ញចាមនៅតាមតំបន់មួយចំនួន​ បាននាំគ្នាយកពុម្ពអក្សរអារ៉ាប់មកកម្លាយដេីម្បីសរសេរភាសាចាម​ជំនួសពុម្ពអក្សរចាស់​វិញ។ ចំណុចនេះ​ ហាក់មានការមន្ទិលខ្លះ​ ឬប្រហែលជាដោយសារចាមយេីងកាលនោះបានមេីលឃេីញជនជាតិម៉ាឡាយូ​ប្រេីប្រាស់អក្សរ​ Jawi ដែលកម្លាយចេញពីពុម្ពអក្សរអារ៉ាប់ ហេីយពួកគេក៏នាំគ្នាខ្ចីពី​ Jawi មកកម្លាយខ្លួនឯងបន្ថែមទៀតក៏អាចថាបាន។

៤.​ បន្ទាប់ពីរាជធានីវិជ័យ​ Vijaya បានដួលរលំនៅឆ្នាំ​ ១៤៧១​ រហូតមកដល់ការដួលរលំទីក្រុងផាន់ឌូរ៉ាំងខា​ Panduranga ឆ្នាំ១៨៣២​ ជនជាតិចាមបាននាំគ្នាភៀសខ្លួនទៅកាន់ប្រទេសក្បែរខាងជាច្រេីន​ ដេីម្បីស្នេីសុំសិទ្ធិជ្រកកោន។ ការណ៍នេះ​ បានធ្វេីឱ្យភាសាចាមកេីតមានគ្រាមភាសាជាច្រេីន​ ដូចជា​ ភាសាត្សាត​ Tsat នៅកោះហៃណានប្រទេសចិន​ ភាសាអច្ចេះ​ Acehnese នៅឥណ្ឌូនេសុី​ ភាសា​រ៉ាដែ​ ចារ៉ាយ​ ហារ៉ូយ​ ក្រូ​ និងរ៉ូក្លាយ​ នៅវៀតណាមនិងនៅតាមតំបន់ភ្នំភាគខាងកេីតប្រទេសកម្ពុជាជាដេីម។ សព្វថ្ងៃ​នេះ​ មានតែចាមនៅតំបន់ផាន់រ៉ាង​ប្រទេសវៀតណាម​ និងចាមនៅប្រទេសកម្ពុជាប៉ុណ្ណោះ​ ដែលនៅបន្តនិយាយតាមសំនៀងដែលស្រដៀងទៅនឹងភាសាដេីមជាងគេ។

៥.​ មកដល់ពេលនេះ​ ជនជាតិចាមដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ​ ក្រចេះ​ កំពង់ចាម​ និងតំបន់ជុំវិញ​ ពួកគេភាគច្រេីនលេីសលប់​គឺមិនចេះសរសេរអក្សរចាមតាមពុម្ពចាស់ឡេីយ​ ពួកគេសម្រេចយកពុម្ពថ្មីដែលសរសេរតាមបែបអារ៉ាប់មកបង្រៀនសិស្ស​ឬសរសេរសំណេរផ្សេងៗ។ ខណៈដែលកូនចៅជំនាន់ក្រោយជាច្រេីន​មិនចេះសូម្បីសរសេរអក្សរខ្លួនឯងតាមបែបពុម្ពថ្មី ពួកគេចេះត្រឹមតែនិយាយ​ ហេីយនិយាយទៀតសោត​ ពាក្យពេចន៍លាយឡំភាសាគេផ្សេង​ និងមិនទាំងច្បាស់លាស់ផង។ ចំណែកជនជាតិចាមដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង​ បាត់ដំបង​ និងតំបន់ជុំវិញ​ ពួកគេជាច្រេីននៅបន្តសរសេរអក្សរចាមតាមពុម្ពចាស់​ និងបន្តនាំគ្នាអភិរក្សអក្សរចាមតាមបែបបុរាណ។

៦.​ ខ្ញុំធ្លាប់បានសាកសួរចាស់ព្រឹទ្ធាចារ្យចាមជាច្រេីន​ អំពីថាតេីយេីងគួរនាំគ្នាត្រលប់ទៅសិក្សានិងសរសេរអក្សរចាមតាមពុម្ពចាស់​(សំស្ក្រឹត)​ ឬគួរបន្តសរសេរតាមពុម្ពថ្មី(អារ៉ាប់)​ ចម្លេីយរបស់ពួកគាត់មានភាពខុសៗគ្នា​ ទៅតាមគំនិតបុគ្គលរៀងៗខ្លួន។ ចម្លេីយដែលខ្ញុំចាប់អារម្មណ៍ជាងគេ​ គឺទស្សនៈរបស់អ្នកឧកញ៉ា​ សុះ​ កំរី​ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម​ បេីតាមយោបល់របស់លោក​ យេីងគួរបន្តប្រេីពុម្ពអក្សរថ្មីដេីម្បីឱ្យកូនចៅចាមយេីងងាយស្រួលក្នុងការរៀនសូត្រកូរ៉ាអាន​ និងសិក្សាស្វែងយល់ពីភាសាអារ៉ាប់​ ប៉ុន្តែយេីងក៏មិនត្រូវបោះបង់ចោលពុម្ពអក្សរចាស់ទាំងស្រុងនោះដែរ​។ ខ្ញុំយល់ថា​ យេីងគួរនាំគ្នាសិក្សាស្វែងយល់ពីពុម្ពអក្សរចាស់​ និងទាញត្រលប់មកវិញនូវពាក្យពេចន៍ចាមបុរាណ​ ដេីម្បីយកមកប្រេីប្រាស់​ អភិរក្ស និងដេីម្បីបម្រេីសំណេរក្នុងការរៀនសូត្រ​ ទំនាក់ទំនង​ និងសរសេរឯកសារផ្សេងៗ។

៧.​ ឯកសារយោង
1. The Austronesean Language of Asia and Madagascar. Alexander Adelaar and Nikolaus.
2. The World’s Writing Systems. Peter.
3. The Sundanese Script: Visual Analysis of its Development into a Native Austronesian Script. Eka Noviana.
4. The Story of Human Language. John McWhorter.
5. The Champa Kingdom: The History of an Extinct Vietnamese Culture. Georges Maspero.
6. The Kingdom of Champa: Geography Population History. Po Dharma.
7. Etc.

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ