១. ភាសាចាមស្ថិតក្នុងអំបូរភាសាអូស្ត្រូណេស៊ី Austronesian ខណៈភាសាខ្មែរស្ថិតក្នុងអំបូរភាសាអូស្ត្រូអាសុី Austroasiatic ។ នៅក្នុងចំណោមអំបូរអូស្ត្រូណេសុីដែលមានប្រមាណជិតមួយពាន់ភាសា ភាសាចាមត្រូវបានគេចាត់ទុកជាភាសាដំបូងបង្អស់ដែលលេចវត្តមានឡេីងនៅក្នុងប្រវត្តិសាស្ត្រ។ សិលាចារឹកអក្សរចាមសតវត្យទីបួនមួយផ្ទាំងដែលអ្នកវិទ្យាសាស្ត្របានរកឃេីញក្នុងតំបន់ Trakieu ក្បែរទីក្រុងបុរាណឥន្ទ្រាបុរ៉ានៃអាណាចក្រចម្ប៉ា(ប្រទេសវៀតណាមសព្វថ្ងៃ) គឺជាសិលាចារឹកចាស់ជាងគេបង្អស់នៃភាសាក្នុងអំបូរអូស្ត្រូណេសុី។ មិនត្រឹមតែប៉ុណ្ណោះ ភាសាចាមគឺជាភាសាដំបូងបង្អស់ដែលមានអក្សរសម្រាប់សរសេរនៅក្នុងតំបន់អាសុីអាគ្នេយ៍ ខណៈកាលនោះភាសាទាំងឡាយមិនទាន់មានសំណេរ បានត្រឹមយកមកសម្រាប់និយាយគ្នា។
២. ភាសាចាម មានសំឡេងចំនួន ៥១ មានព្យញ្ជនៈចំនួន ៣៤តួ និងមានស្រៈចំនួន ១៦ បូករួមនឹងស្រៈពេញតួមួយចំនួនទៀត។ ភាសាចាមត្រូវបានគេសរសេរពីឆ្វេងទៅស្ដាំ ដូចក្បួនសរសេរអក្សរខ្មែរដែរ មិនត្រឹមតែប៉ុណ្ណោះ ពុម្ពអក្សរក៏ស្រដៀងគ្នាថែមទៀត។
៣. នៅក្នុងសតវត្យទី៣ ពួកអ្នកប្រាជ្ញចាមបានខ្ចីពុម្ពអក្សរពីភាសាសំស្រ្កឹត Brahmi Script យកមកកម្លាយដេីម្បីសរសេរភាសាចាម។ កាលនោះ ភាសាសំស្ក្រឹតគេប្រេីសម្រាប់កិច្ចការសាសនា ហេីយភាសាចាមគេយកមកប្រេីសម្រាប់កិច្ចការរដ្ឋបាលនិងទំនាក់ទំនងទូទៅ។ នៅក្នុងសតវត្យទី១៥ គឺនៅបន្ទាប់ពីជនជាតិចាមចាប់ផ្ដេីមចូលកាន់សាសនាឥស្លាមកាន់តែច្រេីនឡេីងៗ អ្នកប្រាជ្ញចាមនៅតាមតំបន់មួយចំនួន បាននាំគ្នាយកពុម្ពអក្សរអារ៉ាប់មកកម្លាយដេីម្បីសរសេរភាសាចាមជំនួសពុម្ពអក្សរចាស់វិញ។ ចំណុចនេះ ហាក់មានការមន្ទិលខ្លះ ឬប្រហែលជាដោយសារចាមយេីងកាលនោះបានមេីលឃេីញជនជាតិម៉ាឡាយូប្រេីប្រាស់អក្សរ Jawi ដែលកម្លាយចេញពីពុម្ពអក្សរអារ៉ាប់ ហេីយពួកគេក៏នាំគ្នាខ្ចីពី Jawi មកកម្លាយខ្លួនឯងបន្ថែមទៀតក៏អាចថាបាន។
៤. បន្ទាប់ពីរាជធានីវិជ័យ Vijaya បានដួលរលំនៅឆ្នាំ ១៤៧១ រហូតមកដល់ការដួលរលំទីក្រុងផាន់ឌូរ៉ាំងខា Panduranga ឆ្នាំ១៨៣២ ជនជាតិចាមបាននាំគ្នាភៀសខ្លួនទៅកាន់ប្រទេសក្បែរខាងជាច្រេីន ដេីម្បីស្នេីសុំសិទ្ធិជ្រកកោន។ ការណ៍នេះ បានធ្វេីឱ្យភាសាចាមកេីតមានគ្រាមភាសាជាច្រេីន ដូចជា ភាសាត្សាត Tsat នៅកោះហៃណានប្រទេសចិន ភាសាអច្ចេះ Acehnese នៅឥណ្ឌូនេសុី ភាសារ៉ាដែ ចារ៉ាយ ហារ៉ូយ ក្រូ និងរ៉ូក្លាយ នៅវៀតណាមនិងនៅតាមតំបន់ភ្នំភាគខាងកេីតប្រទេសកម្ពុជាជាដេីម។ សព្វថ្ងៃនេះ មានតែចាមនៅតំបន់ផាន់រ៉ាងប្រទេសវៀតណាម និងចាមនៅប្រទេសកម្ពុជាប៉ុណ្ណោះ ដែលនៅបន្តនិយាយតាមសំនៀងដែលស្រដៀងទៅនឹងភាសាដេីមជាងគេ។
៥. មកដល់ពេលនេះ ជនជាតិចាមដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ចាម និងតំបន់ជុំវិញ ពួកគេភាគច្រេីនលេីសលប់គឺមិនចេះសរសេរអក្សរចាមតាមពុម្ពចាស់ឡេីយ ពួកគេសម្រេចយកពុម្ពថ្មីដែលសរសេរតាមបែបអារ៉ាប់មកបង្រៀនសិស្សឬសរសេរសំណេរផ្សេងៗ។ ខណៈដែលកូនចៅជំនាន់ក្រោយជាច្រេីនមិនចេះសូម្បីសរសេរអក្សរខ្លួនឯងតាមបែបពុម្ពថ្មី ពួកគេចេះត្រឹមតែនិយាយ ហេីយនិយាយទៀតសោត ពាក្យពេចន៍លាយឡំភាសាគេផ្សេង និងមិនទាំងច្បាស់លាស់ផង។ ចំណែកជនជាតិចាមដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង បាត់ដំបង និងតំបន់ជុំវិញ ពួកគេជាច្រេីននៅបន្តសរសេរអក្សរចាមតាមពុម្ពចាស់ និងបន្តនាំគ្នាអភិរក្សអក្សរចាមតាមបែបបុរាណ។
៦. ខ្ញុំធ្លាប់បានសាកសួរចាស់ព្រឹទ្ធាចារ្យចាមជាច្រេីន អំពីថាតេីយេីងគួរនាំគ្នាត្រលប់ទៅសិក្សានិងសរសេរអក្សរចាមតាមពុម្ពចាស់(សំស្ក្រឹត) ឬគួរបន្តសរសេរតាមពុម្ពថ្មី(អារ៉ាប់) ចម្លេីយរបស់ពួកគាត់មានភាពខុសៗគ្នា ទៅតាមគំនិតបុគ្គលរៀងៗខ្លួន។ ចម្លេីយដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺទស្សនៈរបស់អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម បេីតាមយោបល់របស់លោក យេីងគួរបន្តប្រេីពុម្ពអក្សរថ្មីដេីម្បីឱ្យកូនចៅចាមយេីងងាយស្រួលក្នុងការរៀនសូត្រកូរ៉ាអាន និងសិក្សាស្វែងយល់ពីភាសាអារ៉ាប់ ប៉ុន្តែយេីងក៏មិនត្រូវបោះបង់ចោលពុម្ពអក្សរចាស់ទាំងស្រុងនោះដែរ។ ខ្ញុំយល់ថា យេីងគួរនាំគ្នាសិក្សាស្វែងយល់ពីពុម្ពអក្សរចាស់ និងទាញត្រលប់មកវិញនូវពាក្យពេចន៍ចាមបុរាណ ដេីម្បីយកមកប្រេីប្រាស់ អភិរក្ស និងដេីម្បីបម្រេីសំណេរក្នុងការរៀនសូត្រ ទំនាក់ទំនង និងសរសេរឯកសារផ្សេងៗ។
៧. ឯកសារយោង
1. The Austronesean Language of Asia and Madagascar. Alexander Adelaar and Nikolaus.
2. The World’s Writing Systems. Peter.
3. The Sundanese Script: Visual Analysis of its Development into a Native Austronesian Script. Eka Noviana.
4. The Story of Human Language. John McWhorter.
5. The Champa Kingdom: The History of an Extinct Vietnamese Culture. Georges Maspero.
6. The Kingdom of Champa: Geography Population History. Po Dharma.
7. Etc.