១. និយមន័យអាកីកោះ
អាកីកោះ (عقيقة) គឺជាសត្វដែលគេសំឡេះ(ដោយសារមាន)ទារក ឬទារិកាទេីបនឹងចាប់កំណេីត។ ឬជាអាហារហ្ជាមូ(អាហារក្នុងពិធីមួយ)ដែលគេរៀបចំឡេីងដោយសារតែមានកូនទេីបនឹងកេីត(المجموع للنووي ٨/٤٢٦)។
២. ហូកំធ្វេីអាកីកោះ
អាកីកោះគឺ سنة مؤكدة (សូណាត់ធំ) បេីយោងតាមម៉ាហ្សាប់ស្សាហ្វីអុី និងម៉ាហ្សាប់ហាំហ្ពាលី។
៣. ពេលវេលាធ្វេីអាកីកោះ និងថ្ងៃដាក់ឈ្មោះឱ្យកូន
សូណាត់ធ្វេីអាកីកោះនៅថ្ងៃទី៧ (ថ្ងៃក្មេងកេីត រាប់ថាថ្ងៃទីមួយ) ហេីយឈ្មោះក៏គួរតែដាក់ឱ្យក្មេងនៅថ្ងៃនោះដែរ នេះបេីយោងតាមម៉ាហ្សាប់ទាំងបី ម៉ាលីកី ស្សាហ្វីអុី និងហាំហ្ពាលី។ ឧ. ក្មេងកេីតថ្ងៃសុក្រ យេីងគួរតែធ្វេីអាកីកោះឱ្យក្មេងនោះនៅថ្ងៃព្រហស្បតិ៍។ ប៉ុន្តែប្រសិនជាខកខានមិនបានធ្វេីនៅថ្ងៃទី៧ យេីងគួររង់ចាំធ្វេីនៅថ្ងៃទី១៤ បេីខកខានទៀត គឺថ្ងៃទី២១ បេីខកខានទៀតគឺថ្ងៃណាក៏បាន។
៤. សត្វដែលគេសំឡេះធ្វេីអាកីកោះ
យេីងគួរតែសំឡេះសត្វចៀមពីរក្បាលសម្រាប់កូនប្រុស និងសំឡេះសត្វចៀមមួយក្បាលសម្រាប់កូនស្រី(سنن أبي داود ٢٨٣٤)។ យេីងក៏អាចសំឡេះសត្វពពែ គោ ឬសត្វអូដ្ឋបាន នេះបេីយោងតាមម៉ាហ្សាប់ទាំងបួន(تحفة المودود لابن القيم ٨٤)។ ហេីយលក្ខណៈសម្បត្តិសត្វដែលត្រូវគេរេីសយកមកសំឡេះធ្វេីអាកីកោះ គឺដូចគ្នាទៅនឹងលក្ខណៈសម្បត្តិសត្វដែលគេសំឡេះធ្វេីកូរ៉ាហ្ពានក្នុងរ៉យ៉ាហាជ្ជី។
៥. សត្វមួយធ្វេីអាកីកោះរួមគ្នាច្រេីននាក់
ចៀម និងពពែ មិនអាចយកមកធ្វេីអាកីកោះរួមគ្នាច្រេីននាក់បាននោះទេ។ ចំណែកគោ និងអូដ្ឋ ក៏មិនអាចយកមកធ្វេីអាកីកោះរួមគ្នាច្រេីននាក់បានដែរ(គឺបានតែម្នាក់) នេះបេីយោងតាមម៉ាហ្សាប់ម៉ាលីកី និងហាំហ្ពាលី។
៦. ចែកសាច់ ឬចម្អិនធ្វេីម្ហូប
យកល្អ យេីងគួរតែចម្អិនសាច់(អាកីកោះ) រួចអញ្ជេីញគេមកហូបផ្ទះយេីង នេះបេីយោងតាមម៉ាហ្សាប់ម៉ាលីកី ស្សាហ្វីអុី និងហាំហ្ពាលី។ ហេីយយេីងអាចកាប់បំបែកឆ្អឹងសត្វអាកីកោះដែលសំឡេះរួចបានធម្មតា នេះបេីយោងតាមម៉ាហ្សាប់ម៉ាលីកី និងស្សាហ្វីអុី។