Offcanvas right
...

Table of Content

ពហុពន្ធភាព ក្នុងរង្វង់ច្បាប់ឥស្លាម

១.​ និយមន័យ

ពហុពន្ធភាព​ គេសំដៅទៅលេីការមានប្រពន្ធច្រេីន​ ឬមានប្ដីច្រេីន​ ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងហេីយថា​ ច្បាប់ឥស្លាមមិនអនុញ្ញាតិឱ្យស្ត្រីយកប្ដីច្រេីនក្នុងពេលតែមួយ​ ដូច្នេះអត្ថបទមួយនេះសំដៅត្រឹមតែការយកប្រពន្ធច្រេីន(លេីសពីមួយ​ និងច្រេីនបំផុតបួន)។

២.​ មូលដ្ឋានគ្រឹះហូកំ

អល់ឡោះបានអនុញ្ញាតិឱ្យបុរសរៀបការយកប្រពន្ធពីរនាក់​ បីនាក់​ ឬយ៉ាងច្រេីនបំផុតបួននាក់​ ហេីយប្រសិនបេីពួកគេខ្លាចថាមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាងបានទេនោះ​ សូមយកប្រពន្ធតែមួយបានហេីយ(سورة النساء ٣)។ ដូច្នេះការរៀបការយកប្រពន្ធច្រេីន​ គឺជាជម្រេីសផ្ទាល់​ខ្លួនរបស់មនុស្សប្រុសគ្រប់រូប ស្របទៅតាមច្បាប់ឥស្លាម។ បុរសទាំងឡាយមានសិទ្ធិពេញលេញក្នុងការយកប្រពន្ធមួយឬច្រេីន​ តាមចិត្តចង់​ ដោយគ្មានការខ្វែងយោបល់គ្នាឡេីយ​ រវាងបណ្ដាអូឡាម៉ាកគ្រប់ជំនាន់(مراتب الإجماع ٦٢)។

៣.​ ហូកំយកប្រពន្ធច្រេីន

តេីការយកប្រពន្ធច្រេីនជាប្រការសូណាត់ឬ? និយាយមួយបែបទៀត​ តេីការយកប្រពន្ធមួយល្អជាង​ ឬយកប្រពន្ធច្រេីនល្អជាង​? អ៊ូឡាម៉ាកមានការយល់ឃេីញខុសគ្នាចំពោះរឿងនេះ​ មានអ៊ូឡូម៉ាកច្រេីនណាស់យល់ថា ការយកប្រពន្ធច្រេីនឋិតនៅក្នុងរង្វង់ដែលហូកំអនុញ្ញាតិដោយហូកំមិនបានជំរុញឱ្យធ្វេី​វាឡេីយ ខណៈអ៊ូឡាម៉ាកខ្លះទៀតយល់ថា​ វាជារឿងល្អដែលគ្រប់បុរសទាំងឡាយគួរនាំគ្នាធ្វេី។ អុីម៉ាំស្សាហ្វីមានប្រសាសន៍ថា៖​ «យកល្អ​ គេគួរយកប្រពន្ធមួយបានហេីយ​ បេីទោះជា(ហូកំ)បានអនុញ្ញាតិឱ្យយកប្រពន្ធច្រេីនក៏ដោយ​ ព្រោះអល់ឡោះមានបន្ទូលថា​ ដូច្នោះប្រសិនបេីពួកអ្នក(មានអារម្មណ៍)ខ្លាចថា(ខ្លួន)មិនអាចផ្ដល់ភាពយុត្តិធម៌(ដល់ប្រពន្ធៗបាន)ចូរ(រៀបការយកប្រពន្ធ)តែមួយបានហេីយ​» (البيان في مذهب الإمام الشافعي ١١/١٨٩)។ អិបនូហ្ពាហ្សនិយាយថា៖​ ការយកប្រពន្ធច្រេីន​(និយាយចំពោះបុរសដែលមានលទ្ធភាពនិងសមត្ថភាព)​ គឺជា​ قربة និងជាប្រការតអាត់​ វាមិនត្រឹមតែជាការអនុញ្ញាតិប៉ុណ្ណោះទេ​ វាគឺជាអំពេីល្អ​ ដែលធ្វេីឱ្យអ៊ូម៉ាត់កេីនចំនួនច្រេីនឡេីង​ ការពារសេចក្ដីថ្លៃថ្នូរប្រុសស្រី​ និងដោះស្រាយបញ្ហា(ផ្លូវភេទ)​ ដែល(កំពុង)បំផ្លាញ(សង្គមសព្វថ្ងៃ)។

៤.​ លក្ខខណ្ឌ

លក្ខខណ្ឌក្នុងការយកប្រពន្ធច្រេីន​នាក់ គឺមានលក្ខណៈដូចគ្នាទាំងស្រុង​ទៅនឹងលក្ខខណ្ឌក្នុងការយកប្រពន្ធម្នាក់ដែរ ដោយគ្រាន់តែការយកប្រពន្ធច្រេីនមានថែមលក្ខខណ្ឌមួយទៀតប៉ុណ្ណោះ​ គឺប្ដីចាំបាច់ត្រូវមានភាពយុត្តិធម៌ទៅចំពោះប្រពន្ធៗទាំងអស់​ នៅក្នុងការចាយវាយ​ ទិញសម្ភារៈផ្សេងៗ​ និងជាពិសេសកន្លែងគេង​។ ចំណែកលទ្ធភាព(ទ្រព្យធន)និងសមត្ថភាព(ផ្លូវកាយ)របស់ប្ដីវិញ​ បេីទោះជាចង់យកប្រពន្ធតែមួយក៏ចាំបាច់ត្រូវមានវាទាំងពីរដែរ​ រីឯក្ដីស្រលាញ់ក្នុងចិត្តទៅចំពោះពួកនាង​ វាជារឿងដែលមនុស្សប្រុសមិនអាចគ្រប់គ្រងបាន​ ម្យ៉ាងវាក៏ជារឿងដែលកប់នៅក្នុងចិត្ត​ ដែលគ្មាននរណាអាចមេីលឃេីញ។

៥.​ សិទ្ធិនារី

នារីគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់(បង្គាប់)លក្ខខណ្ឌទៅចំពោះគូរដណ្ដឹង​ ឬអ្នកដែលមកសុំគ្រួសារនាងរៀបការ​ ដោយមិនអនុញ្ញាតិឱ្យបុរសនោះយកប្រពន្ធច្រេីន។ ហេីយប្រសិនបេីបុរសនោះយល់ព្រមជាមួយលក្ខខណ្ឌរបស់នាង​ នោះចាំបាច់(វ៉ាជិប)ចំពោះបុរសម្នាក់នោះត្រូវធ្វេីតាម​លក្ខខណ្ឌដូចដែលបានឯកភាពគ្នារួច ដោយមិនអាចក្បត់សន្យា​ ប្ដូរចិត្តទៅរៀបការយកប្រពន្ធថែមទៀតបានឡេីយ(المغني ٩/٤٨٣)។ ក្នុងករណីសង្ស័យឬមិនច្បាស់ថា​ បុរសដែលចូលស្ដីនោះមានប្រពន្ធហេីយឬនៅ​ ខាងស្រីក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការសេីបសួរ​ ដេីម្បីឱ្យដឹងច្បាស់។

៦.​ គំនិតគួរពិចារណា

សព្វថ្ងៃ​ មានមនុស្សជាច្រេីនជាពិសេសនារីៗ​ ពួកគេហាក់មាក់ងាយ​ ឬលេងសេីចជាមួយហូកំមួយនេះ​ ដោយមិនបានចាប់អារម្មណ៍ទេថា​ ការមាក់ងាយឬលេងសេីចនឹងហូកំ​ គឺជាអំពេីបាបកម្មធំ​ និងជាបាបកម្មកម្រិតធ្ងន់។ ពួកគេយល់ថា​ ការណ៍នេះហាក់ដូចជាបំពានទៅលេីអារម្មណ៍មនុស្សស្រី​ និងជារឿងដែលមិនអាចទទួលយកបាន​ ប៉ុន្តែជាក់ស្ដែង​ រៀបការគឺជាជម្រេីសរៀងៗខ្លួនរវាងមនុស្សប្រុសនឹងស្រី​ ដ្បិតអីអាពាហ៍ពិពាហ៍ដែលធ្វេីឡេីងដោយបង្ខំ​ មិនត្រូវបានគេចាត់ទុកថាជារឿងត្រឹមត្រូវស្របតាមច្បាប់ឥស្លាមឡេីយ។ បេីទោះជាបុរសមានសិទ្ធិយកប្រពន្ធច្រេីន​ តែស្ត្រីក៏មានសិទ្ធិបង្គាប់លក្ខខណ្ឌមុនពេលរៀបការ​ គ្មានអ្នកណាមានសិទ្ធិលេីអ្នកណា​ មិនថាប្រុសឬស្រី​ គ្រប់ភាគីមានសិទ្ធិរៀងៗខ្លួន​ គ្មានឡេីយការបំពាន​ គ្មានឡេីយរូបភាពខ្សែលេី។

៧.​ តម្លៃ

មនុស្សទាំងអស់មានតម្លៃរៀងខ្លួន​ និងមានសិទ្ធិរៀងខ្លួន​ មិនថាប្រពន្ធទីមួយ​ ទីពីរ​ ទីបី​ ឬទីបួន​ ពួកគាត់សុទ្ធតែជាមនុស្សដែលមានតម្លៃស្មេីគ្នា​ និងមានសិទ្ធិដូចគ្នា​ គ្មានអ្នកណាល្អជាងអ្នកណាឡេីយ​ លេីកលែងតែបុគ្គលដែលកោតខ្លាចចំពោះអល់ឡោះជាងគេ(ហេីយរឿងនេះគ្មាននរណាអាចដឹងបានក្រៅពីអល់ឡោះ)។ អាពាហ៍ពិពាហ៍គឺជាកិច្ចព្រមព្រៀងបែបប្ដីប្រពន្ធ​ មិនមែនជាកិច្ចព្រមព្រៀងបែបលក់ដូរឡេីយ​ និយាយឱ្យចំ​ ប្ដីយេីងមិនមែនជាទាសករដាច់ថ្លៃរបស់យេីងនោះទេ​ ប្រពន្ធយេីងក៏ដូចគ្នា​ គ្រប់គ្នាមានតម្លៃ​ មានសិទ្ធិ​ក្នុងការសម្រេចចិត្តជាដរាប បេីទោះជារៀបការរួចហេីយក៏ដោយ។

៨.​ ស្មោះស្មគ្រ​

មនុស្សភាគច្រេីនយល់ថា​ ការមានប្រពន្ធច្រេីនគឺបង្ហាញពីចិត្តមិនស្មោះរបស់ប្ដី​ តាមពិតក្ដីស្រលាញ់ស្មោះស្មគ្រមិនបានជាប់ទាក់ទងអ្វីជាមួយនឹងប្រពន្ធមួយឬច្រេីនឡេីយ។ ជាក់ស្ដែង​ ប្រសិនបេីបុរសម្នាក់ស្រលាញ់កូនទីបីដោយចិត្តស្មោះ​ ការណ៍នេះមិនបានហាមឃាត់គាត់មិនឱ្យស្រលាញ់កូនទីបួនដោយស្មោះដែរនោះទេ។ ដូច្នេះ​ គេគួរឈប់យល់ច្រឡំទៀត រវាងក្ដីស្រលាញ់ស្មោះ​ និងការស្រលាញ់មនុស្សតែម្នាក់គត់។

៩.​ សុភមង្គល

មានកូនមួយឬច្រេីន​ មិនអាចកំណត់អារម្មណ៍រីករាយឬទុក្ខសោករបស់យេីងបានឡេីយ ប៉ុន្តែរបៀបរស់នៅជាមួយកូន​ ការមេីលថែ​ និងរបៀបយកចិត្តទុកដាក់របស់យេីងជាមួយពួកគេវិញទេ​ ដែលបង្កេីតបានសុភមង្គលឬមិនអាចបង្កេីតវាបាន។ ប្រពន្ធមួយឬច្រេីន​ ក៏មានរូបភាពស្រដៀងគ្នានេះដែរ​ ព្រោះយេីងបានឃេីញជាក់ស្ដែងថា​ អ្នកដែលមានប្រពន្ធមួយច្រេីនណាស់​ ពួកគេរស់នៅមិនចុះសម្រុងគ្នា​ ឈ្លោះទាស់ទែង​ និងរកក្ដីសុខមិនបាន​ ដូច្នេះសុភមង្គលគ្រួសារ​ ពិតជាមិនជាប់ទាក់ទងនឹងរឿងប្រពន្ធមួយឬច្រេីនទេ​ ដរាបណាគ្រប់ភាគីចេះយល់ចិត្តគ្នា​ ឱ្យតម្លៃគ្នា​ នោះអ្វីនឹងប្រសេីរឡេីងឆ្ពោះទៅមុខ។

១០.​ ចម្ងល់

ហេតុអ្វីប្រការសូណិតផ្សេងជាច្រេីនមិនព្រមនាំគ្នាធ្វេី​ បែរជាមកនិយាយ​ ឬចង់ធ្វេីតែសូណិតមួយនេះ? តាមពិត​ ការយកប្រពន្ធច្រេីន​ គឺស្ថិតក្រោមការអនុញ្ញាតិរបស់ហូកំ​ នេះបេីយោងតាមម៉ាស្ហាប់ស្សាហ្វីអ៊ី​ បានន័យថាការយកប្រពន្ធមួយទេីបជារឿងល្អប្រសេីរជាង​ និយាយឱ្យចំ​ ការយកប្រពន្ធមួយទេីបជាប្រការសូណិត​ ហេីយការយកប្រពន្ធច្រេីន​ វាគ្រាន់តែជាជម្រេីសបុគ្គល(បេីទោះជាមានអ៊ូឡាម៉ាកជាច្រេីនទៀតយល់ឃេីញផ្សេងពីនេះ)។ គ្រប់គ្នាមានសិទ្ធិរៀងៗខ្លួន​ ចូរកុំធ្វេីមុខក្រញូវ​ ឬខឹងសម្បារពេលឃេីញគេប្រេីប្រាស់សិទ្ធិរបស់គេ​ ចេះគោរពសិទ្ធិអ្នកដទៃទេីបក្លាយជាមនុស្សល្អនិងត្រឹមត្រូវ។

Comming soon... InsyaAllah...!

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ