១. និយមន័យ
ពហុពន្ធភាព គេសំដៅទៅលេីការមានប្រពន្ធច្រេីន ឬមានប្ដីច្រេីន ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងហេីយថា ច្បាប់ឥស្លាមមិនអនុញ្ញាតិឱ្យស្ត្រីយកប្ដីច្រេីនក្នុងពេលតែមួយ ដូច្នេះអត្ថបទមួយនេះសំដៅត្រឹមតែការយកប្រពន្ធច្រេីន(លេីសពីមួយ និងច្រេីនបំផុតបួន)។
២. មូលដ្ឋានគ្រឹះហូកំ
អល់ឡោះបានអនុញ្ញាតិឱ្យបុរសរៀបការយកប្រពន្ធពីរនាក់ បីនាក់ ឬយ៉ាងច្រេីនបំផុតបួននាក់ ហេីយប្រសិនបេីពួកគេខ្លាចថាមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាងបានទេនោះ សូមយកប្រពន្ធតែមួយបានហេីយ(سورة النساء ٣)។ ដូច្នេះការរៀបការយកប្រពន្ធច្រេីន គឺជាជម្រេីសផ្ទាល់ខ្លួនរបស់មនុស្សប្រុសគ្រប់រូប ស្របទៅតាមច្បាប់ឥស្លាម។ បុរសទាំងឡាយមានសិទ្ធិពេញលេញក្នុងការយកប្រពន្ធមួយឬច្រេីន តាមចិត្តចង់ ដោយគ្មានការខ្វែងយោបល់គ្នាឡេីយ រវាងបណ្ដាអូឡាម៉ាកគ្រប់ជំនាន់(مراتب الإجماع ٦٢)។
៣. ហូកំយកប្រពន្ធច្រេីន
តេីការយកប្រពន្ធច្រេីនជាប្រការសូណាត់ឬ? និយាយមួយបែបទៀត តេីការយកប្រពន្ធមួយល្អជាង ឬយកប្រពន្ធច្រេីនល្អជាង? អ៊ូឡាម៉ាកមានការយល់ឃេីញខុសគ្នាចំពោះរឿងនេះ មានអ៊ូឡូម៉ាកច្រេីនណាស់យល់ថា ការយកប្រពន្ធច្រេីនឋិតនៅក្នុងរង្វង់ដែលហូកំអនុញ្ញាតិដោយហូកំមិនបានជំរុញឱ្យធ្វេីវាឡេីយ ខណៈអ៊ូឡាម៉ាកខ្លះទៀតយល់ថា វាជារឿងល្អដែលគ្រប់បុរសទាំងឡាយគួរនាំគ្នាធ្វេី។ អុីម៉ាំស្សាហ្វីមានប្រសាសន៍ថា៖ «យកល្អ គេគួរយកប្រពន្ធមួយបានហេីយ បេីទោះជា(ហូកំ)បានអនុញ្ញាតិឱ្យយកប្រពន្ធច្រេីនក៏ដោយ ព្រោះអល់ឡោះមានបន្ទូលថា ដូច្នោះប្រសិនបេីពួកអ្នក(មានអារម្មណ៍)ខ្លាចថា(ខ្លួន)មិនអាចផ្ដល់ភាពយុត្តិធម៌(ដល់ប្រពន្ធៗបាន)ចូរ(រៀបការយកប្រពន្ធ)តែមួយបានហេីយ» (البيان في مذهب الإمام الشافعي ١١/١٨٩)។ អិបនូហ្ពាហ្សនិយាយថា៖ ការយកប្រពន្ធច្រេីន(និយាយចំពោះបុរសដែលមានលទ្ធភាពនិងសមត្ថភាព) គឺជា قربة និងជាប្រការតអាត់ វាមិនត្រឹមតែជាការអនុញ្ញាតិប៉ុណ្ណោះទេ វាគឺជាអំពេីល្អ ដែលធ្វេីឱ្យអ៊ូម៉ាត់កេីនចំនួនច្រេីនឡេីង ការពារសេចក្ដីថ្លៃថ្នូរប្រុសស្រី និងដោះស្រាយបញ្ហា(ផ្លូវភេទ) ដែល(កំពុង)បំផ្លាញ(សង្គមសព្វថ្ងៃ)។
៤. លក្ខខណ្ឌ
លក្ខខណ្ឌក្នុងការយកប្រពន្ធច្រេីននាក់ គឺមានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងលក្ខខណ្ឌក្នុងការយកប្រពន្ធម្នាក់ដែរ ដោយគ្រាន់តែការយកប្រពន្ធច្រេីនមានថែមលក្ខខណ្ឌមួយទៀតប៉ុណ្ណោះ គឺប្ដីចាំបាច់ត្រូវមានភាពយុត្តិធម៌ទៅចំពោះប្រពន្ធៗទាំងអស់ នៅក្នុងការចាយវាយ ទិញសម្ភារៈផ្សេងៗ និងជាពិសេសកន្លែងគេង។ ចំណែកលទ្ធភាព(ទ្រព្យធន)និងសមត្ថភាព(ផ្លូវកាយ)របស់ប្ដីវិញ បេីទោះជាចង់យកប្រពន្ធតែមួយក៏ចាំបាច់ត្រូវមានវាទាំងពីរដែរ រីឯក្ដីស្រលាញ់ក្នុងចិត្តទៅចំពោះពួកនាង វាជារឿងដែលមនុស្សប្រុសមិនអាចគ្រប់គ្រងបាន ម្យ៉ាងវាក៏ជារឿងដែលកប់នៅក្នុងចិត្ត ដែលគ្មាននរណាអាចមេីលឃេីញ។
៥. សិទ្ធិនារី
នារីគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់(បង្គាប់)លក្ខខណ្ឌទៅចំពោះគូរដណ្ដឹង ឬអ្នកដែលមកសុំគ្រួសារនាងរៀបការ ដោយមិនអនុញ្ញាតិឱ្យបុរសនោះយកប្រពន្ធច្រេីន។ ហេីយប្រសិនបេីបុរសនោះយល់ព្រមជាមួយលក្ខខណ្ឌរបស់នាង នោះចាំបាច់(វ៉ាជិប)ចំពោះបុរសម្នាក់នោះត្រូវធ្វេីតាមលក្ខខណ្ឌដូចដែលបានឯកភាពគ្នារួច ដោយមិនអាចក្បត់សន្យា ប្ដូរចិត្តទៅរៀបការយកប្រពន្ធថែមទៀតបានឡេីយ(المغني ٩/٤٨٣)។ ក្នុងករណីសង្ស័យឬមិនច្បាស់ថា បុរសដែលចូលស្ដីនោះមានប្រពន្ធហេីយឬនៅ ខាងស្រីក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការសេីបសួរ ដេីម្បីឱ្យដឹងច្បាស់។
៦. គំនិតគួរពិចារណា
សព្វថ្ងៃ មានមនុស្សជាច្រេីនជាពិសេសនារីៗ ពួកគេហាក់មាក់ងាយ ឬលេងសេីចជាមួយហូកំមួយនេះ ដោយមិនបានចាប់អារម្មណ៍ទេថា ការមាក់ងាយឬលេងសេីចនឹងហូកំ គឺជាអំពេីបាបកម្មធំ និងជាបាបកម្មកម្រិតធ្ងន់។ ពួកគេយល់ថា ការណ៍នេះហាក់ដូចជាបំពានទៅលេីអារម្មណ៍មនុស្សស្រី និងជារឿងដែលមិនអាចទទួលយកបាន ប៉ុន្តែជាក់ស្ដែង រៀបការគឺជាជម្រេីសរៀងៗខ្លួនរវាងមនុស្សប្រុសនឹងស្រី ដ្បិតអីអាពាហ៍ពិពាហ៍ដែលធ្វេីឡេីងដោយបង្ខំ មិនត្រូវបានគេចាត់ទុកថាជារឿងត្រឹមត្រូវស្របតាមច្បាប់ឥស្លាមឡេីយ។ បេីទោះជាបុរសមានសិទ្ធិយកប្រពន្ធច្រេីន តែស្ត្រីក៏មានសិទ្ធិបង្គាប់លក្ខខណ្ឌមុនពេលរៀបការ គ្មានអ្នកណាមានសិទ្ធិលេីអ្នកណា មិនថាប្រុសឬស្រី គ្រប់ភាគីមានសិទ្ធិរៀងៗខ្លួន គ្មានឡេីយការបំពាន គ្មានឡេីយរូបភាពខ្សែលេី។
៧. តម្លៃ
មនុស្សទាំងអស់មានតម្លៃរៀងខ្លួន និងមានសិទ្ធិរៀងខ្លួន មិនថាប្រពន្ធទីមួយ ទីពីរ ទីបី ឬទីបួន ពួកគាត់សុទ្ធតែជាមនុស្សដែលមានតម្លៃស្មេីគ្នា និងមានសិទ្ធិដូចគ្នា គ្មានអ្នកណាល្អជាងអ្នកណាឡេីយ លេីកលែងតែបុគ្គលដែលកោតខ្លាចចំពោះអល់ឡោះជាងគេ(ហេីយរឿងនេះគ្មាននរណាអាចដឹងបានក្រៅពីអល់ឡោះ)។ អាពាហ៍ពិពាហ៍គឺជាកិច្ចព្រមព្រៀងបែបប្ដីប្រពន្ធ មិនមែនជាកិច្ចព្រមព្រៀងបែបលក់ដូរឡេីយ និយាយឱ្យចំ ប្ដីយេីងមិនមែនជាទាសករដាច់ថ្លៃរបស់យេីងនោះទេ ប្រពន្ធយេីងក៏ដូចគ្នា គ្រប់គ្នាមានតម្លៃ មានសិទ្ធិក្នុងការសម្រេចចិត្តជាដរាប បេីទោះជារៀបការរួចហេីយក៏ដោយ។
៨. ស្មោះស្មគ្រ
មនុស្សភាគច្រេីនយល់ថា ការមានប្រពន្ធច្រេីនគឺបង្ហាញពីចិត្តមិនស្មោះរបស់ប្ដី តាមពិតក្ដីស្រលាញ់ស្មោះស្មគ្រមិនបានជាប់ទាក់ទងអ្វីជាមួយនឹងប្រពន្ធមួយឬច្រេីនឡេីយ។ ជាក់ស្ដែង ប្រសិនបេីបុរសម្នាក់ស្រលាញ់កូនទីបីដោយចិត្តស្មោះ ការណ៍នេះមិនបានហាមឃាត់គាត់មិនឱ្យស្រលាញ់កូនទីបួនដោយស្មោះដែរនោះទេ។ ដូច្នេះ គេគួរឈប់យល់ច្រឡំទៀត រវាងក្ដីស្រលាញ់ស្មោះ និងការស្រលាញ់មនុស្សតែម្នាក់គត់។
៩. សុភមង្គល
មានកូនមួយឬច្រេីន មិនអាចកំណត់អារម្មណ៍រីករាយឬទុក្ខសោករបស់យេីងបានឡេីយ ប៉ុន្តែរបៀបរស់នៅជាមួយកូន ការមេីលថែ និងរបៀបយកចិត្តទុកដាក់របស់យេីងជាមួយពួកគេវិញទេ ដែលបង្កេីតបានសុភមង្គលឬមិនអាចបង្កេីតវាបាន។ ប្រពន្ធមួយឬច្រេីន ក៏មានរូបភាពស្រដៀងគ្នានេះដែរ ព្រោះយេីងបានឃេីញជាក់ស្ដែងថា អ្នកដែលមានប្រពន្ធមួយច្រេីនណាស់ ពួកគេរស់នៅមិនចុះសម្រុងគ្នា ឈ្លោះទាស់ទែង និងរកក្ដីសុខមិនបាន ដូច្នេះសុភមង្គលគ្រួសារ ពិតជាមិនជាប់ទាក់ទងនឹងរឿងប្រពន្ធមួយឬច្រេីនទេ ដរាបណាគ្រប់ភាគីចេះយល់ចិត្តគ្នា ឱ្យតម្លៃគ្នា នោះអ្វីនឹងប្រសេីរឡេីងឆ្ពោះទៅមុខ។
១០. ចម្ងល់
ហេតុអ្វីប្រការសូណិតផ្សេងជាច្រេីនមិនព្រមនាំគ្នាធ្វេី បែរជាមកនិយាយ ឬចង់ធ្វេីតែសូណិតមួយនេះ? តាមពិត ការយកប្រពន្ធច្រេីន គឺស្ថិតក្រោមការអនុញ្ញាតិរបស់ហូកំ នេះបេីយោងតាមម៉ាស្ហាប់ស្សាហ្វីអ៊ី បានន័យថាការយកប្រពន្ធមួយទេីបជារឿងល្អប្រសេីរជាង និយាយឱ្យចំ ការយកប្រពន្ធមួយទេីបជាប្រការសូណិត ហេីយការយកប្រពន្ធច្រេីន វាគ្រាន់តែជាជម្រេីសបុគ្គល(បេីទោះជាមានអ៊ូឡាម៉ាកជាច្រេីនទៀតយល់ឃេីញផ្សេងពីនេះ)។ គ្រប់គ្នាមានសិទ្ធិរៀងៗខ្លួន ចូរកុំធ្វេីមុខក្រញូវ ឬខឹងសម្បារពេលឃេីញគេប្រេីប្រាស់សិទ្ធិរបស់គេ ចេះគោរពសិទ្ធិអ្នកដទៃទេីបក្លាយជាមនុស្សល្អនិងត្រឹមត្រូវ។
Comming soon... InsyaAllah...!