១. និយមន័យ
អុទ្ទហីយ្យ៉ះ (កួរហ្ពាន) Qurban ៖ គឺជាសត្វពាហនៈ ដែលគេសំឡេះនៅក្នុងថ្ងៃរ៉យ៉ា(អុទ្ទហា ឬរ៉យ៉ាធំ) រហូតដល់ចុងក្រោយនៃថ្ងៃតាស្សរ៉ីក(បីថ្ងៃបន្ទាប់) ក្នុងន័យធ្វេីអុីហ្ពាហ្ទាត់ទៅចំពោះអល់ឡោះ (فتح القدير ٩/٥٠٥)។ ពាក្យដេីមគឺ الأضحية (អុទ្ទហីយ្យ៉ះ) ប៉ុន្តែចាមយេីងច្រេីនតែហៅថា កួរហ្ពាន គោកួរហ្ពាន ឬធ្វេីកួរហ្ពានជាដេីម។
២. ហូកំធ្វេីកួរហ្ពាន
ការធ្វេីកួរហ្ពាន គឺជាប្រការ سنة مؤكدة «សូណាត់ធំ» បេីយោងតាមម៉ាស្ហាប់ម៉ាលីកី ស្សាហ្វីអុី ហាំហ្ពាលី និងភាគច្រេីននៃអូឡាម៉ាកឥស្លាម។
៣. លក្ខខណ្ឌសត្វកួរហ្ពាន
សត្វដែលយេីងយកមកសំឡេះធ្វេីកួរហ្ពាន ត្រូវតែជាប្រភេទ សត្វអូដ្ឋ ឬសត្វគោ ឬសត្វពពែ/ចៀម។ អូដ្ឋត្រូវតែមានអាយុ(តិចបំផុត)ប្រាំឆ្នាំពេញ ចូលឆ្នាំទីប្រាំមួយ ចំណែកគោត្រូវមានអាយុ(តិចបំផុត)ពីរឆ្នាំពេញ ចូលឆ្នាំទីបី រីឯពពែត្រូវមានអាយុ(តិចបំផុត)មួយឆ្នាំពេញ ចូលឆ្នាំទីពីរ និងចៀមត្រូវមានអាយុ(តិចបំផុត)ប្រាំមួយខែ (فتاوى لجنة الدائمة ١١/٤١٤)។ គ្រប់ប្រភេទសត្វទាំងអស់ មិនត្រូវឱ្យខ្វាក់ភ្នែក ពិការជេីង មានជម្ងឺ(រហូតអាចមេីលដឹង) និងស្គមល្វែតល្វត(ដែលសឹងតែដេីរលែងរួច)(سنن النسائي ٤٣٦٩)។
៤. ពេលវេលាសំឡេះកួរហ្ពាន
យេីងអាចសំឡេះកួរហ្ពានបាន បន្ទាប់ពីសឡាតរ៉យ៉ារួច(صحيح البخاري ٥٥٠٠) មុនសឡាតរ៉យ៉ា គឺមិនបានដាច់ខាត ហេីយពេលវេលាដែលអាចសំឡេះបាន នឹងបន្តរហូតដល់ថ្ងៃចុងក្រោយនៃថ្ងៃតាស្សរ៉ីកទាំងបី (ថ្ងៃរ៉យ៉ា បូកនឹងបីថ្ងៃបន្ទាប់ នេះបេីយោងតាមម៉ាស្ហាប់ស្សាហ្វីអុី និងការយល់ឃេីញរប់សអិបនូតៃម៉ីយ្យ៉ះ ابن باز និង ابن عثيمين)។ ចំណែកនៅក្នុងម៉ាស្ហាប់ហាណាហ្វី ម៉ាលីកី ហាំហ្ពាលី រយៈពេលនៃការសំឡេះកួរហ្ពាន គឺបីថ្ងៃប៉ុណ្ណោះ(ថ្ងៃរ៉យ៉ា បូកនឹងពីរថ្ងៃបន្ទាប់)។ នៅក្នុងម៉ាស្ហាប់ហាណាហ្វី និងស្សាហ្វីអុី ពេលយប់ក៏អាចសំឡេះកួរហ្ពានបាន។
៥. កាត់សក់ និងកាត់ក្រចក
សម្រាប់អ្នកដែលចង់ធ្វេីកួរហ្ពាន ណាពី ﷺ បានហាមមិនឱ្យអ្នកទាំងនោះកាត់សក់ កាត់ក្រចកទេ បន្ទាប់ពីបានឃេីញខ្នេីតខែហ្សុលហាជ្ជះរួច រហូតទាល់តែសំឡេះកួរហ្ពានរួចរាល់ (صحيح مسلم ١٩٧٧)។ នៅក្នុងម៉ាស្ហាប់ហាំហ្ពាលី គឺហារ៉ាំ(កាត់ក្រចក-សក់ មិនបានដាច់ខាត) ចំណែកក្នុងម៉ាស្ហាប់ស្សាហ្វីអី គឺម៉ាក្រូស(មិនគួរកាត់)។ ទោះយ៉ាងណា មិនថាហារ៉ាំ ឬម៉ាក្រូស ណាពី ﷺ គាត់បានហាមច្បាស់ៗទៅហេីយ យេីងគួរតែតាមគាត់។ ក្នុងករណីស្ទាក់ស្ទេីរ មិនទាន់សម្រេចចិត្តថាធ្វេីកួរហ្ពាន ឬអត់ នោះក៏យេីងគួរកុំកាត់ក្រចកដៃ ឬកាត់សក់ ក្រោយចូលខែហ្សុលហាជ្ជះរួច។
៦. ធ្វេីកួរហ្ពានដាច់ដោយឡែកឱ្យមនុស្សស្លាប់រួច
គេមិនបានប្រេី(មិនធ្វេីទេីបជារឿងត្រឹមត្រូវ) ឱ្យយេីងធ្វេីកួរហ្ពានដាច់ដោយឡែកទៅឱ្យមនុស្សដែលបានស្លាប់រួចនោះទេ នេះបេីយោងតាមម៉ាស្ហាប់ស្សាហ្វីអុី(مغني المحتاج ٤/٢٩٢) និងជាការយល់ឃេីញរបស់ ابن عثيمين (الشرح الممتع ٧/٤٢٣) ព្រោះណាពី ﷺ និងសហាហ្ពាត់គាត់ មិនធ្លាប់ធ្វេីបែបនោះសោះឡេីយ។ ចំណែកនៅក្នុងម៉ាស្ហាប់ម៉ាលីកី ការធ្វេីកួរហ្ពានដាច់ដោយឡែកមួយឱ្យមនុស្សស្លាប់ គឺម៉ាក្រូស(مواهب الجليل ٤/٣٧٧)។
៧. ផ្សេងៗ
- យេីងគួរតែប្រញាប់ប្រញាល់សំឡេះកួរហ្ពានបន្ទាប់ពីសឡាតរ៉យ៉ារួច (ម៉ាស្ហាប់ទាំងបួន)
- យេីងគួរតែសំឡេះកួរហ្ពានដោយដៃខ្លួនឯង (صحيح البخاري ٥٥٦٥)
- យេីងមិនអាច(ដាច់ខាត) យកផ្នែកខ្លះនៃកួរហ្ពាន ធ្វេីជាឈ្នួលសម្រាប់អ្នកមេីលថែគោ ឬពពែ ឬធ្វេីជាឈ្នួលសំឡេះបានទេ។ គឺត្រូវយកលុយខាងក្រៅ ធ្វេីជាឈ្នួល
- សាច់កួរហ្ពាន គួរតែចែកជាបី មួយផ្នែកសម្រាប់ហូបខ្លួនឯង មួយផ្នែកទៀតសម្រាប់ចែកជូនអ្នកក្រ និងមួយផ្នែកទៀតសម្រាប់ជូន(ជាហាហ្ទៀស)ដល់អ្នកជិតខាង ឬមិត្តភក្តិ ឬសាច់ញាតិ ឬអ្នកផ្សេង(عثمان الخميس)។
- អូដ្ឋមួយ ឬគោមួយក្បាល យេីងអាចធ្វេីកួរហ្ពានបានសម្រាប់មនុស្សប្រាំពីរនាក់ (صحيح مسلم ١٢١٣)។ ដោយឡែកពពែឬចៀមមួយក្បាល ធ្វេីបានតែសម្រាប់មនុស្សម្នាក់គត់។
- សូណាត់ធំក្នុងការធ្វេីកួរហ្ពាន គឺសម្រាប់គ្រួសារទាំងមូល(ហូបបាយឆ្នាំងមួយ) បេីមេគ្រួសារធ្វេីម្នាក់ នោះសូណាត់ធំ នឹងជ្រុះពីសមាជិកគ្រួសារទាំងអស់(عثمان الخميس)។
- យេីងដែលជាមេគ្រួសារ ឬជាអ្នកធ្វេីកួរហ្ពាន អាចនៀត(មានចេតនាក្នុងចិត្ត)ចែករំលែកប៉ះឡា(ផលបុណ្យ)ដល់សមាជិកគ្រួសារ ឬអ្នកណាផ្សេងបាន។ ប៉ុន្តែយេីង(ដែលជាសមាជិកគ្រួសារ ឬជាបងប្អូន) មិនអាចរាយលុយគ្នាដេីម្បីធ្វេីកួរហ្ពានមួយរួមគ្នាបានទេ(ពពែមួយក្បាល ឬមួយភាគប្រាំពីរនៃគោមួយ) លេីកលែងតែ យេីងរាយលុយគ្នារួច ហេីយជូន(ឱ្យដោយចិត្តស្មោះ ដោយមិនចង់រួមចំណែក)នរណាម្នាក់ទាំងអស់ ឱ្យគាត់ធ្វេីតែម្នាក់ឯង ហេីយរឿងគាត់នៀតចែកប៉ះឡាឬអត់ ជារឿងរបស់គាត់(បែបនេះ គឺបាន)។ តែបេីយេីងទិញពពែម្នាក់មួយក្បាល ឬរាយលុយគ្នាទិញគោមួយក្បាលសម្រាប់មនុស្សប្រាំពីរនាក់ បែបនោះ គឺបាន(عثمان الخميس)។
- ចុះបេីយេីងមិនធ្វេីកួរហ្ពាន យ៉ាងម៉េចវិញ? សម្រាប់អ្នកគ្មានលទ្ធភាព គឺគ្មានបញ្ហាអ្វីនោះទេ តែសម្រាប់អ្នកមានលទ្ធភាព មិនសូវល្អនោះទេសម្រាប់គាត់ គួរតែនាំគ្នាធ្វេីវិញ។ ទោះជាយេីងបាននាំកួរហ្ពានពីខាងក្រៅប្រទេសមកចែកជូនអ្នកនៅក្នុងស្រុកខ្មែរច្រេីនយ៉ាងណា ក៏យេីងគួរតែមានកួរហ្ពានសម្រាប់ខ្លួនឯងមួយផង។