Offcanvas right
...

Table of Content

កូវ៉ែត - Kuwait

១.​ ពាក្យ​អារ៉ាប់​ كُوَيْت ជាភាសាអង់គ្លេស​ Kuwait ពីមុនគេធ្លាប់សរសេរ​ជាភាសាខ្មែរថា «គុយវ៉ែត»​ ក្រោយមកក្រសួងការបរទេសកម្ពុជាសម្រេចប្ដូរមកសរសេរជា​ «កូវ៉ែត​» វិញ។

២.​ សម្រាប់ប្រជាជនម៉ាឡេ​សុី​ឬឥណ្ឌូនេសុី​ សំនៀង​ «កូវ៉ែត» គ្រាន់តែជាឈ្មោះប្រទេសដែលមានប្រជាជននិយាយភាសាអារ៉ាប់មួយស្ថិតនៅមជ្ឈិមបូព៌ា។ សម្រាប់ពួកគេ​ «កូវ៉ែត​» ជាប្រទេសដែលមានព្រំប្រទល់ជាប់រាជាណាចក្រអារ៉ាប៊ីសាអូឌី​ អុីរ៉ាក់​ និងឈូងសមុទ្រពែរ្សក្នុងឧបទ្វីបអារ៉ាប់​ និង​ ដែលមានចំនួនប្រជាជនប្រមាណ​ 1.39 លាននាក់​ ភាគច្រេីនលេីសលប់ជាអ្នកកាន់សាសនាឥស្លាម(ម៉ាស្ហាប់ហាំបាលី)។ ខុសឆ្ងាយពីមូស្លឹមស្រុកយេីង​ ដែលតែងចងភ្ជាប់ពាក្យ​ «កូវ៉ែត»​ ទៅនឹងពាក្យវ៉ះពី​ឬដែលច្រេីនសំដៅដល់គោលជំនឿមួយដែលពួកគេយល់ថាមិនល្អត្រឹមត្រូវ។

៣.​ មូលហេតុដែលធ្វេីឱ្យពាក្យ​ «កូវ៉ែត» ស្ដាប់ទៅទេីសត្រចៀកដល់គ្នាយេីងជាច្រេីន​ គឺដោយសារសាលារៀនមួយដែលបង្កេីតឡេីងដោយសមាគម​ جمعية إحياء التراث (សមាគមពង្រស់ឡេីងវិញនូវកេរដំណែលឥស្លាម)​ ជាសមាគមដែលមានសាខាធំនៅប្រទេសកូវ៉ែត។ សមាគមនេះបានមកដល់ស្រុកខ្មែរដំបូងឆ្នាំ​ ១៩៩៣​ កាលនោះលោក​ ម៉ាត់​ លី​ បានស្នេីទៅដល់លោក​ Yamal Yusof Hatat ដែលជាមេដឹកនាំថ្នាក់តំបន់របស់អង្គការ​ ឱ្យបង្កេីតសាលារៀនសម្រាប់ក្មេងកំព្រា។ ឆ្នាំ​ ១៩៩៦​ សមាគមបានបង្កេីតសាលាបឋមសិក្សាមួយនៅចោមចៅទីក្រុងភ្នំពេញ​ ក្រោយមកបានផ្លាស់ប្ដូរទៅជាអនុវិទ្យាល័យនៅឆ្នាំ​ ២០០០​ និងបានក្លាយទៅជាវិទ្យាល័យនៅឆ្នាំ​ ២០០៣​ ដែលមានឈ្មោះថា​ វិទ្យាល័យរស្មីអុីស្លាមកម្ពុជា​ និងដែលគេហៅតៗគ្នាមកថា​ សាលាគុយវ៉ែត។ ស្របពេលដែលសមាគមអន្តរជាតិអ៊ុំអាល់គូរ៉ា​ បានបង្កេីតវិទ្យាស្ថានអប់រំ(សាលារៀន)មួយនៅឫស្សីជ្រោយ​ ឆ្នាំ​ ១៩៩៨​ (ដែលត្រូវគេចោទប្រកាន់អំពីភេរវកម្ម​ ហេីយត្រូវបានបិទវិញនៅឆ្នាំ​ ២០០៣​ បន្ទាប់មកប្ដូរឈ្មោះទៅជា​ មជ្ឈមណ្ឌលឥស្លាមកម្ពុជា​ នៅឆ្នាំ​ ២០០៤)​ ដែលមានទំនោសាឡាហ្វីដូចទៅនឹងសាលាគុយវ៉ែតផងដែរ​នោះ​ ក៏ជាទឡ្ហីករប្រកែកមិនបានក្នុងការរួមចំណែកផ្សព្វផ្សាយពាក្យ​ «គុយវ៉ែត»​ ឱ្យកាន់តែសុះសាយទៅដល់សហគមន៍ខ្មែរឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

៤.​ «សាឡាហ្វី»ដែលគោលជំនឿមួយចំនួនមានលក្ខណៈខុសគ្នាទៅនឹង«អាស្សាអុីរ៉ោះ»ដែលជាគោលជំនឿរបស់ខ្មែរឥស្លាមភាគច្រេីននៅស្រុកខ្មែរកាលនោះ​ ស្របពេលដែលហ្វីកោះក្នុងម៉ាស្ហាប់ហាំបាលីដែលមានហូកំមួយចំនួនខុសប្លែកពីហ្វីកោះស្សាហ្វីអុី​ ដែលជាម៉ាស្ហាប់នៃប្រជាជនខ្មែរឥស្លាមភាគច្រេីននៅសម័យនោះ​ គឺជាមូលហេតុធំបំផុតដែលធ្វេីឱ្យពាក្យ​ «គុយវ៉ែត» ប្រែក្លាយទៅជាមិនល្អស្ដាប់សម្រាប់គ្នាយេីងជាច្រេីនដែលប្រកាន់ខ្ជាប់ជាមួយគោលជំនឿអាស្សាអុីរ៉ោះនិងហ្វីកោះស្សាហ្វីអុីនៅសម័យនោះ​ និងបន្តមកដល់សម័យនេះថែមទៀត។ ខណៈដែល​ «កូវ៉ែត​»ឬ«គុយវ៉ែត» គ្រាន់តែជាឈ្មោះប្រទេស​ និងមិនជាប់ទាប់ទងអ្វីទៅនឹងគោលជំនឿសោះឡេីយ។

៥.​ ស្របពេលដែលគ្នាយេីងជាច្រេីនមិនពេញចិត្តពាក្យ​ គុយវ៉ែត​ ជាក់ស្ដែងប្រជាជននៅប្រទេសកូវ៉ែតឯនោះវិញបាននាំគ្នារាយអង្គាសប្រាក់កាក់រាប់រយពាន់លានដុល្លាដេីម្បីផ្ដល់ជាជំនួយមនុស្សធម៌ទៅកាន់អ្នកកាន់សាសនាឥស្លាមជុំវិញពិភពលោក​ តាមរយៈសមាគមជាច្រេីនក្នុងប្រទេស​។ មូស្លឹមស្រុកយេីងក៏ធ្លាប់​បាន និងកំពុងទទួលបាននូវជំនួយទាំងនោះជារៀងរាល់ឆ្នាំផងដែរ​ក្នុងរូបភាពជាម៉ាស្ជិទ​ សូរ៉ាវ​ សាលារៀន​ មន្ទីពេទ្យ​ ផ្ទះសម្បែង​ អាហារូបករណ៍​ ម្ហូបអាហារ​ និងផ្សេងៗជាច្រេីនទៀត។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ