១. និយមន័យ
ភ្លេច ប្រែថា៖ ចាំមិនបាន នឹកមិនឃេីញ។ ភ្លេចគឺជាលក្ខណៈធម្មជាតិរបស់មនុស្សប្រុសស្រីទាំងអស់គ្នា។ ភ្លេចគឺជាអចេតនាក្នុងការចាំមិនបាន នឹកមិនឃេីញ។ ភ្លេចគឺជាអាវុធមុខពីរដែលពេលខ្លះដេីរតួរជាគុណវិបត្តិនិងពេលខ្លះទៀតជាគុណប្រយោជន៍។ ភ្លេចក្នុងរូបភាពធ្វេីខុសគឺជាបទល្មេីសដែលត្រូវបានច្បាប់ឥស្លាមលេីកលែងទោស និងអាធ្យាស្រ័យឱ្យ(ក្នុងករណីមិនប៉ះពាល់ដល់អ្នកដទៃ)។ ភ្លេចអាចកេីតឡេីងដោយមានមូលហេតុនិងក៏អាចកេីតឡេីងដោយគ្មានមូលហេតុផងដែរ។
២. គុណវិបត្តិនៃការភ្លេច
មនុស្សលោកទទួលរងការខាតបង់ជាច្រេីនតាមរយៈការភ្លេច ហេីយពេលខ្លះឈានដល់កេីតមានការឈឺចាប់ក្នុងចិត្ត សោកស្ដាយខ្លាំង និងមានវិប្បដិសារីក្នុងជីវិតទៀតផង។ ភ្លេចដែលនាំឱ្យមានគ្រោះថ្នាក់ ច្រេីនតែកេីតឡេីងដោយសារការធ្វេសប្រហែស និងមិនសូវយកចិត្តទុកដាក់ក្នុងរឿងអ្វីមួយបានល្អត្រឹមត្រូវតាមការគួរ។ ភ្លេចក្នុងន័យនេះ គេច្រេីនតែហៅថាភ្លេចខ្លួន ដូចជាភ្លេចមេីលមេរៀនដែលនាំឱ្យធ្លាក់ពេលប្រលង ភ្លេចពាក់មួកសុវត្ថិភាពឬខ្សែក្រវ៉ាត់ដែលនាំឱ្យបាត់បង់ជីវិតពេលគ្រោះថ្នាក់ចរាចរណ៍ និងភ្លេចពាក្យសន្យាដែលនាំឱ្យបាត់បង់ទំនុកចិត្តពីស្ថាប័នឬមនុស្សសំខាន់ណាមួយជាដេីម។
៣. គុណសម្បត្តិនៃការភ្លេច
ប្រសិនបេីអល់ឡោះមិនបានផ្ដល់ការភ្លេចមកឱ្យមនុស្សលោកទេ ម៉្លេះជីវិតពួកគេប្រហែលជាគ្មានស្នាមញញឹមលេចចេញមកក្រៅឡេីយ។ ម៉្លេះគំនរនៃការចងចាំចំពោះរឿងឈឺចាប់ អន់ចិត្ត ឬខកបំណងពីអតិតកាលនឹងក្លាយជាភ្នំដែលមានសំពាធសង្កត់ពួកគេទាំងថ្ងៃទាំងយប់មិនខាន។ ប៉ុន្តែអំណោយដ៏ធំធេងរបស់ទ្រង់ដែលធ្វេីឱ្យមនុស្សលោកឆាប់ភ្លេចនិងមិនចងចាំបានយូរឬគ្រប់ពេល គឺជាមូលហេតុដែលបានបំភ្លឺវិថីជីវិតពួកគេ និងផ្ដល់ឱកាសឱ្យពួកគេរស់នៅមានសុភមង្គលធម្មតា បេីទោះជាធ្លាប់ជួបរឿងអាក្រក់អាក្រីឬឈឺចាប់ខ្លោចផ្សាអ្វីពីមុនមកក៏ដោយ។
៤. ភ្លេចនិងបំភ្លេច
ផ្ទុយពីភ្លេចដែលកេីតឡេីងដោយអចេតនា បំភ្លេចគឺជាការណ៍ដែលកេីតឡេីងដោយចេតនានិងដោយចិត្តចង់តែម្ដង។ មិនខុសគ្នាអ្វីនឹងការភ្លេច បំភ្លេចក៏ជាអាវុធមុខពីរដែលបង្កេីតឱ្យមានគុណវិបត្តិនិងគុណប្រយោជន៍ផងដែរ។ នៅពេលដែលអ្នកទទួលរងនូវការប្រមាថឬទទួលរងនូវការឈឺចាប់ខ្លាំង អ្នកអាចសាកល្បងបំភ្លេចអារម្មណ៍ទាំងនោះតាមរយៈការព្យាយាមធ្វេីខ្លួនឱ្យរវល់ជាមួយការងារសំខាន់ឬមមាញឹកក្នុងកិច្ចការអ្វីមួយ។ ហេីយនៅពេលដែលអ្នកខ្ជិលច្រអូសឬរវល់នឹងអ្វីផ្សេងដែលគ្មានប្រយោជន៍ នោះអ្នកក៏កំពុងតែបំភ្លេចខ្លួនឯងពីតួរនាទីនិងទំនួលខុសត្រូវក្នុងនាមជាមន្ត្រី ជាប្រធាន ជាសិស្ស ឬជាមនុស្សដែលមានរឿងសំខាន់ត្រូវធ្វេី។
៥. ភ្លេចនិងច្បាប់ឥស្លាម
រ៉សូលុលឡោះ ﷺ មានប្រសាសន៍ថា៖ អល់ឡោះមិនយកទោសពៃរិ៍ឡេីយចំពោះអ្នកដែលប្រព្រឹត្តកំហុសដោយមិនបានដឹង ចំពោះអ្នកដែលភ្លេច និងអ្នកដែលត្រូវបានគេបង្ខំ(سنن ابن ماجه ٢٠٤٣)។ មានថ្ងៃមួយ គាត់បានសឡាតច្រឡំរ៉កាអាត់ បន្ទាប់ពីសឡាតរួចក៏មានសហាហ្ពាត់ម្នាក់មករំលឹកគាត់ ពេលនោះរ៉សូលុលឡោះ ﷺ គាត់មានប្រសាសន៍ថា៖ ពិតប្រាកដណាស់ ខ្ញុំគឺជាមនុស្សដូចអ្នកទាំងអស់គ្នា ខ្ញុំក៏ភ្លេចដូចអ្នកទាំងអស់គ្នាភ្លេចផងដែរ ហេីយប្រសិនបេីខ្ញុំភ្លេច សូមជួយរំលឹកខ្ញុំផង(صحيح البخاري ٤٠١)។ ប៉ុន្តែរ៉សូលុលឡោះ ﷺ ភ្លេចបានតែក្នុងរឿងធម្មតា ចំណែកក្នុងរឿងសាសនាគាត់មិនអាចភ្លេចបានឡេីយ ព្រោះអល់ឡោះតែងបញ្ជូនវ៉ះយូឬម៉ាឡាអុីកាត់មករំលឹកគាត់ជានិច្ច។