Offcanvas right
...

Table of Content

ប្រវត្តិ មជ្ឈមណ្ឌលឥស្លាមកម្ពុជា - CIC

០១.​ ក្នុងឆ្នាំ​ ១៩៩៨​ អង្គការអន្តរជាតិអ៊ុំអាល់គូរ៉ា​ដែលមានប្រភពពីប្រទេសអារ៉ាប៊ីសាអូឌី​ បានបេីកសាលារៀនមួយមានទីតាំងនៅភូមិឬស្សីជ្រោយ​ ស្រុកមុខកំពូល​ ខេត្តកណ្ដាល​ សម្រាប់ឱ្យកូនចៅខ្មែរឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមកចុះឈ្មោះនិងដាក់ពាក្យស្នេីសុំចូលរៀន។ ដោយមានការបង្រៀនទាំងចំណេះដឹងផ្នែកសាសនាឥស្លាម​និងចំណេះដឹងទូទៅ​ មានវិន័យច្បាស់លាស់​ រង្វាន់​លេីកទឹកចិត្តមានតម្លាភាព​ មានគ្រូបង្រៀនល្អៗ​ រួមទាំងមានចំនួនសិស្សពូកែកេីនឡេីងច្រេីនផង​នោះ សាលារៀនដែលមានឈ្មោះថា​ វិទ្យាស្ថានអ៊ុំអាល់គូរ៉ា​ ប្រែជាមានមុខមាត់លេីវិស័យអប់រំនិងមានកេរិ៍ឈ្មោះល្បាញល្បីសុសសាយទៅកាន់មនុស្សស្ទេីគ្រប់ស្រទាប់នៅតាមភូមិស្រុកខ្មែរឥស្លាមពាសពេញផ្ទៃប្រទេស។

០២.​ លោក​ ម៉ាត់​ អាសុីម​ ប្រធាន សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តមណ្ឌលគិរី​និងជាអតីតសិស្សពូកែអ៊ុំអាល់គូរ៉ា​ជំនាន់ទីពីរ​ បានលេីកឡេីងថា៖​ ជារៀងរាល់ឆ្នាំ​ សិ្សសពូកែដប់នាក់ដំបូងនៃគ្រប់ជំនាន់​សិក្សា ត្រូវបានគេយកចិត្តទុកដាក់​ ផ្ដល់កិត្តិយស​ ជូនរង្វាន់​ និងមានឱកាសអាចឱ្យឪពុកម្ដាយទៅធ្វេីហាជ្ជីទៀតផង​អាស្រ័យដោយលេខរៀងនៃចំណាត់ថ្នាក់និងកូតាហាជ្ជីប្រចាំឆ្នាំ។ ជាក់ស្ដែង​ឪពុករបស់លោក​ رحمه الله តាមរយៈការរៀនពូកែនិងពិន្ទុខ្ពស់របស់កូន​ សាលាបានផ្ដល់កិត្តិយសនិងអញ្ជេីញគាត់ឱ្យមកចូលរួមធ្វេីដំណេីរទៅកាន់ទីក្រុងម៉ាក្កះដេីម្បីធ្វេីហាជ្ជី។ វិន័យល្អនិងរង្វាន់លេីកទឹកចិត្តផ្សេងៗជាច្រេីន​ បានក្លាយជាកត្តាជំរុញឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ​ និងមានឆន្ទៈខ្ពស់ក្នុងការស្វែងរកចំណេះដឹងទាំងផ្នែកសាសនានិងចំណេះដឹងទូទៅ។

០៣.​ សន្ទុះនៃការរីកចម្រេីនក្នុងវិស័យអប់រំខ្មែរឥស្លាមតាមរយៈសាលាមួយនេះ​មិនទាន់ឈរជេីងបានប្រាំមួយឆ្នាំពេញលេញស្រួលបួលផង​ នៅថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០០៣​ សាលាមួយនេះត្រូវបានបង្ខំឱ្យបិទទ្វារ​ ក្រោមការចោទប្រកាន់ថា​ មានទំនាក់ទំនងជាមួយនឹងក្រុមភេរវកម្ម។ គ្រូបង្រៀនសាសនាជនជាតិថៃពីរនាក់​និងជនជាតិអេហ្សីបម្នាក់​ ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងប្រព្រឹត្តអំពេីភេរវកម្មនៅកម្ពុជា។ ហេីយគ្រូបង្រៀនបរទេសទាំងអស់ដែលបង្រៀននៅសាលាមួយនេះរួមទាំងក្រុមគ្រួសារពួកគេផង​ ត្រូវបានគេតម្រូវឱ្យចាកចេញពីប្រទេសកម្ពុជាក្នុងរយៈពេល​ ៧២​ ម៉ោង។ រីឯគ្រូបង្រៀនកម្ពុជានិងកូនសិស្សទាំងអស់ត្រូវត្រលប់ទៅផ្ទះវិញ​ និងព្យួរការសិក្សា។​ ហេីយទ្រព្យសម្បត្តិរបស់អង្គការនេះ​ ត្រូវបានរឹបអូសនិងប្រគល់ទៅឱ្យរដ្ឋាភិបាលកម្ពុជារង់ចាំច្បាប់ថ្មីដេីម្បីបញ្ជូនទៅដាក់កន្លែងថ្មី។ សកម្មភាពយ៉ាងរហ័សរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ​ ត្រូវបានរាយការណ៍មកថា​ បានទទួលពត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិច។

០៤.​ តាមរយៈ​សៀវភៅរបស់លោក​ អេង​ កុកថាយ​ ៖​ ក្នុងឆ្នាំ​ ២០០៤​ កម្មសិទ្ធិគ្រប់គ្រងសាលាត្រូវបានផ្ទេរពីអង្គការអន្តរជាតិអ៊ំអាល់គូរ៉ា​ ទៅឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាសនាឥស្លាមដែលដឹកនាំដោយ​ឧកញ៉ា​ សុះ​ កំរី​ តាមរយៈអនុក្រឹត្យលេខ​ ៤០៨។ នៅក្នុងអនុក្រឹត្យនេះ​ សាលានេះត្រូវបានដាក់ឈ្មោះថ្មីថា​ «មជ្ឈមណ្ឌលឥស្លាមកម្ពុជា» និងគ្រប់គ្រងរួមគ្នាដោយក្រុមប្រឹក្សាអ្នកមានមុខមាត់ខាងសាសនាឥស្លាមដែលរួមមាន​ អូស្មាន​ ហាស្សាន់​ សុះ​ កំរី​ និងហ្សាការីយ៉ា​ អាដាម។ អ្នកទាំងបីនាក់នេះអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យបើកសាលារៀននេះឡេីងវិញ ដោយប្រើប្រាស់មុខមាត់ថ្មីកាលពីឆ្នាំ​ ២០០៤​ រយៈពេលមួយឆ្នាំគត់បន្ទាប់ពីសាលានេះត្រូវបានបិទ​ ហើយសាលាថ្មីនេះមានបង្រៀនទាំងការអប់រំសាសនា​និងវិទ្យាសាស្ត្រ​ ចាប់ពីថ្នាក់ទី៧​ ដល់ថ្នាក់ទី១២។

០៥.​ នៅចុងឆ្នាំ​ ២០០៦​ រូបខ្ញុំផ្ទាល់ក៏បានទៅសិក្សារៀនសូត្រនៅឯមជ្ឈមណ្ឌលឥស្លាមកម្ពុជាផងដែរ(ជំនាន់ទីបី)។ កាលនោះ​ តួន​ អេីស្អារី​ សឡេះ​ ជានាយកទូទៅ​ ព្រឹទ្ធបុរស​ ពេជ្រ​ សូលីន​ ជានាយកផ្នែកចំណេះដឹងទូទៅ​ តួន​ ម៉ាហៀត​ យូសុះ​ ជានាយកផ្នែកសាសនា​ និងក្រោយមក​ តួន​ អាប់ឌុលម៉ាណាន​ ឡេីងមកជំនួស ហេីយក្រោយមកទៀត​ តួន​ ខឡែល​ មូសា​ បន្តដឹកនាំរហូតមកដល់សព្វថ្ងៃ។ ឆ្នាំសិក្សា​ ២០០៦-២០០៧​ ជាលេីកទីមួយ​ ដែលមជ្ឈមណ្ឌលទទួលយកសិស្សស្រីមករៀន​នៅសាលាខាងមុខម៉ាស្ជិទក្នុងភូមិឬស្សីជ្រោយ ដោយបានអនុញ្ញាតិឱ្យស្នាក់នៅតាមផ្ទះអ្នកភូមិ​ ឬជួលបន្ទប់ស្នាក់នៅរាងៗខ្លួន។ ខ្ញុំបានចាកចេញពីមជ្ឈមណ្ឌលនៅឆ្នាំ​ ២០១០​ ដេីម្បីបន្តការសិក្សានៅវិទ្យាស្ថានអប់រំសាសនា​ ក្រោយមកមិនយូរប៉ុន្មាន​ ខ្ញុំក៏បានទទួលដំណឹងថា​ សិស្សស្រីៗត្រូវបានបំបែកឱ្យទៅរៀនក្រោមឈ្មោះសាលានូរ៉ុលអុីម៉ាន់​ ហេីយមជ្ឈមណ្ឌលឥស្លាមកម្ពុជាក៏លែងមានសិស្សស្រីទៀត។

០៦.​ ដោយសារច្បាប់កំណត់មិនអនុញ្ញាតិឱ្យសិស្សប្រុសចេញក្រៅរបងសាលា​ លេីកលែងតែថ្ងៃឈប់សម្រាក​ សិស្សមជ្ឈមណ្ឌលឥស្លាមកម្ពុជាស្ទេីរតែទាំងអស់​ គឺធ្លាប់មានអនុស្សាវរីយ៍ជាមួយនឹងខាងសន្តិសុខ(អ្នកយាមកាមនិងថែរក្សាសុវត្ថិភាពសាលា)។ នៅជំនាន់អ៊ុំអាល់គូរ៉ា​ មានលោក​ ស្សាកីរីន​ និងលោក​ យូសុះ ក្រោយក្លាយជាមជ្ឈមណ្ឌល​ ក៏មានលោក​ យូសុះ​ ដែលសិស្សភាគច្រេីនហៅ​ «អ៊ូងយូ​» និងលោក​ កសឹម(អ៊ូងសឹម)។ ចំណែកបាយក្ដាំង​ ក៏ជាប្រធានបទរីករាយផងដែរសម្រាប់សិស្សជំនាន់ដំបូងៗ​ ហេីយការលេងបាល់ពេលល្ងាច​ កាហ្វេ​ មាត់ទន្លេ​ ផ្សារល្ងាច​ អាងទឹក​ អាគារចាស់​ និងស្រះខាងក្រោយ​ ក៏ជាកន្លែងដែលពោពេញដោយអនុស្សាវរីយ៍​ និងដែលមិនអាចបំភ្លេចបានផងដែរ។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ