អាស្សូរ៉ក عاشوراء គឺជាថ្ងៃទី ១០ នៃខែម៉ូហារ៉ម ជាខែទីមួយក្នុងប្រតិទិនឥស្លាម។ ចាមយេីងច្រេីនតែហៅថា អាស្សូរ៉ា
មុនពេលក្លាយជារ៉សូល ណាពី ﷺ បានបួសថ្ងៃអាស្សូរ៉ាជាមួយពួកកូរ៉ៃស្ស قريش ហេីយក្រោយពេលបានក្លាយជារ៉សូល ក៏គាត់នៅបន្តបួសថ្ងៃអាស្សូរ៉ាដដែល(عثمان الخميس)។ រហូតពេលទៅដល់ទីក្រុងម៉ាទីណះ គាត់ក៏បានប្រេីអ្នកកាន់សាសនាឥស្លាមឱ្យបួសថ្ងៃអាស្សូរ៉ាជាលក្ខណៈវ៉ាជិប។ ពីរឆ្នាំក្រោយមក ពេលអល់ឡោះប្រេីឱ្យបួសខែរ៉ម៉ាទន ពេលនោះបួសថ្ងៃអាស្សូរ៉ាក៏បានក្លាយជាបួសធម្មតា ដូចថ្ងៃធម្មតាៗវិញ (صحيح البخاري ٢٠٠٢)។
មិនយូរប៉ុន្មាន ណាពី ﷺ បានដឹងថាពួកយ៉ាហូទីនៅទីក្រុងម៉ាទីណះនាំគ្នាបួសថ្ងៃអាស្សូរ៉ាដែរ គាត់ក៏បានសួរនាំពីហេតុផល។ ពួកគេឆ្លេីយថា៖ ពួកគេបួសដោយសារតែវាជាថ្ងៃដែលអល់ឡោះបានពន្លិចហ្វៀរអូននិងក្រុមគាត់ក្រោមបាតសមុទ្រ និងពង្រួចណាពីមូសានិងក្រុមគាត់(ហ្ពានីអុីស្រាអែល)ពីការតាមសម្លាប់របស់ហ្វៀរអូន បន្ទាប់មកណាពីមូសាក៏បានបួសថ្ងៃនោះ ដេីម្បីទុកជាការដឹងគុណទៅចំពោះទ្រង់។ ខណៈនោះរ៉សូលុលឡោះ ﷺ ក៏បានប្រេីអ្នកកាន់សាសនាឥស្លាមឱ្យបួសថ្ងៃអាស្សូរ៉ាម្ដងទៀត ក្នុងន័យជាប្រការសូណាត់ (صحيح البخاري ٢٠٠٤)។
ណាពី ﷺ ធ្លាប់បានមានប្រសាសន៍ដែលមានអត្ថន័យថា៖ ការបួសថ្ងៃអាស្សូរ៉ា គេនឹងជម្រុះបាបកម្ម(តូចៗ)មួយឆ្នាំពេញ (ឆ្នាំដែលកន្លងទៅ)(صحيح مسلم ١١٦٢)។ មុនពេលគាត់ទទួលមរណភាព គាត់ធ្លាប់មានប្រសាសន៍ដែរថា៖ ប្រសិនបេីខ្ញុំអាចរស់ដល់ឆ្នាំក្រោយ ខ្ញុំប្រាកដជានឹងបួសថ្ងៃតាស្សូអា(មុនអាស្សូរ៉ាមួយថ្ងៃ)ដែរ(صحيح مسلم ١١٣٤)។ ដេីម្បីកុំឱ្យដូចពួកយ៉ាហូទី ដែលបួសតែថ្ងៃអាស្សូរ៉ាតែមួយ។
ការដែលថា សូណាត់ឱ្យយេីងបួសពីរថ្ងៃជាប់គ្នា [គឺថ្ងៃតាស្សូអា(ថ្ងៃទី៩) និងថ្ងៃអាស្សូរ៉ា(ថ្ងៃទី១០) ក្នុងខែម៉ហារ៉ម] គឺមាននៅក្នុងម៉ាស្ហាប់ទាំងបួន ហាណាហ្វី(حاشية ابن عابدين ٢/٣٧٥) ម៉ាលីកី(مواهب الجليل للحطاب ٣/٣١٧) ស្សាហ្វីអុី(المجموع للنووي ٦/٣٨٠) និងហាំហ្ពាលី(الفروع لابن مفلح ٥/٨٩)។
គិតតាមឆ្នាំនេះ ២០២២
តាស្សូអា(ថ្ងៃទី៩) ត្រូវនឹងថ្ងៃអាទិត្យ ០៧ សីហា
អាស្សូរ៉ា(ថ្ងៃទី១០) ត្រូវនឹងថ្ងៃច័ន្ទ ០៨ សីហា
សំខាន់ជាងនេះ សូមកុំស្ដីថាអ្នកដែលមិនបានបួសថ្ងៃអាស្សូរ៉ា ឬតាស្សូអា ជាងនេះទៅទៀតកុំមានអំនួតដោយសារតែខ្លួនបានបួស។ ប៉ន្តែ ពួកយេីងក៏មិនគួរភ្លេចរំលឹកគ្នា និងជំរុញគ្នាឱ្យបួសក្នុងថ្ងៃតាស្សូអា និងអាស្សូរ៉ានេះដែរ។