Offcanvas right
...

Table of Content

ជុំវិញការបោះបង់ឬឈប់រាប់អាន ចំពោះអ្នកប្រព្រឹត្តទង្វើពិទអះ

អិបនូតៃមីយ្យ៉ះ៖​ អ្នកកាន់សាសនាឥស្លាមយល់ឃេីញថា​ពួកគាត់គួរតែបោះបង់(ឈប់រាប់អាន)ចំពោះអ្នកណាដែលមានសញ្ញាងាករេចេញពីផ្លូវត្រឹមត្រូវ​ ដូចជាអ្នកដែលធ្វេីប្រការពិទអះបេីកចំហ អ្នកដែលអំពាវនាវមនុស្សទៅរកពិទអះ​ និងអ្នកដែលធ្វេីបាបកម្មធំបេីកចំហ។ ចំណែកអ្នកដែលធ្វេីបាបកម្មលាក់លៀម​ ឬអ្នកដែលធ្វេីប្រកាពិទអះលាក់លៀម(ពិទអះដែលមិនធ្វេីឱ្យគាត់ចេញក្រៅរង្វង់ឥស្លាម)​ យេីងមិនគួរបោះបង់ឬឈប់រាប់អានគាត់ឡេីយ..​ ដ្បិតអីការបោះបង់ឬឈប់រាប់អាននរណាម្នាក់​ គឺជាទណ្ឌកម្ម​ ហេីយទណ្ឌកម្មមួយនេះគួរតែប្រេីចំពោះតែអ្នកដែលធ្វេីខុសបេីកចំហប៉ុណ្ណោះ(المسائل الماردينية ٦٣)។

គាត់បន្តទៀតថា៖​ ប្រសិនបេីការបោះបង់ឬឈប់រាប់អាន​ មិនបានធ្វេីឱ្យពួកគាត់ឈប់(ធ្វេីខុស)​ ផ្ទុយទៅវិញធ្វេីឱ្យកេីតមានរឿងអាក្រក់ច្រេីនឡេីង​..​ នោះគួរតែកុំបោះបង់ឬឈប់រាប់អានពួកគាត់។ ការស្និទ្ធស្នាល​ គឺល្អប្រសេីរជាង​សម្រាប់មនុស្សចំនួន​ ខណៈដែលមនុស្សមួយចំនួនទៀត​ ការបោះបង់ឬឈប់រាប់អាន​ ទេីបល្អប្រសេីរសម្រាប់ពួកគេ។ ដូច្នោះហេីយទេីបរសូលុលឡោះ​ ﷺ បានស្និទ្ធស្នាលជាមួយក្រុមមនុស្សខ្លះ​ និងបោះបង់មិនរវល់ជាមួយក្រុមមនុស្សខ្លះទៀត..(مجموع فتاوى ابن تيمية ٢٨/٢٠٦)។

សរុបមក​៖​ ការបោះបង់ឬឈប់រាប់អាន​អ្នកដែលធ្វេីពិទអះ គឺជាថ្នាំសម្រាប់ព្យាបាលពួកគាត់ប៉ុណ្ណោះ ហេីយយេីងប្រេីថ្នាំនេះល្គឹកណាតែថ្នាំមានប្រយោជន៍​ មិនដូច្នោះយេីងគួរតែរាប់អានគ្នាធម្មតាវិញ​ ក្នុងន័យហៅពួកគាត់ត្រលប់មករកផ្លូវត្រឹមត្រូវ​។ ព្រោះគោលបំណងនៃការបោះបង់ឬឈប់រាប់អាន​ គឺដេីម្បីអប់រំពួកគាត់​ មិនមែនដេីម្បីបំផ្លិចបំផ្លាញពួកគាត់នោះទេ(زاد المعاد ٣/٢٠)។ គ្រប់យ៉ាង​ គឺអាស្រ័យទៅលេីការសង្កេតមេីលសភាពជាក់ស្ដែងនៃអ្នកធ្វេីពិទអះ(المختصر الحثيث في بيان أصول منهج السلف ٤٠٨)។

ស្រុកខ្មែរយេីង​៖​ ក្នុងករណីដែលយេីងមិនសូវមានចំណេះដឹងច្បាស់លាស់​ ហេីយបារម្ភខ្លាចភាពជិតស្និទ្ធអាចធ្វេីឱ្យយេីងធ្លាក់ខ្លួនចូលក្នុងផ្លូវមិនត្រឹមត្រូវ​ នោះយេីងគួរតែកុំសូវស្និទ្ធស្នាលជាមួយពួកគាត់អ្វី។ តែគួរចៀសវាងការបង្កសត្រូវ​ ការបង្កជម្លោះ​ ឬឈ្លោះទាស់ទែងជាមួយពួកគាត់​ ដ្បិតអីយេីងមិនគួរនិយាយពីអ្វីដែលយេីងមិនទាន់យល់ច្បាស់នោះទេ។ ដោយឡែកអ្នកដែលមានចំណេះដឹង​ច្បាស់លាស់​ ពួកគាត់គួរតែព្យាយាមបង្ខិតខ្លួនឱ្យជិតទៅចំពោះអ្នកភូមិស្រុក​ កុំភ្លេចថា​ភាពខុសឆ្គងរបស់ពួកគាត់​ គឺជាកន្លែងធ្វេីការរបស់ពួកយេីង។ បេីយេីងកាន់តែឆ្ងាយពីពួកគាត់​ នោះពួកគាត់កាន់តែឆ្ងាយពីភាពត្រឹមត្រូវ​។ តេីខំរៀនសូត្រដេីម្បីអ្វី​ បេីចុងក្រោយរេីសវិធីគេចយករួចខ្លួនធ្វេីជាមាគ៌ា​ តេីខំរៀនសូត្រដេីម្បីអ្វី​ បេីចុងក្រោយបោះបង់កន្លែងឈរជេីងខ្លួនឯង​ ឯណាទៅការតស៊ូ​ ឯណាទៅភាពអត់ធ្មត់​ ឯណាទៅភាពជាគំរូ​ ឯណាទៅភាពជាអ្នកហ្ទាអុី។ ងេីបមុខឡេីង​ រឹងមាំឡេីង​ កុំបាច់ខ្វល់ថាជោគជ័យ​ឬបរាជ័យ អ្វីដែលសំខាន់​គឺយេីងបានព្យាយាម និងបានធ្វេីអ្វីដែលគួរធ្វេី។

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

មុខងារពន្លឺ